បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន ២៨ខ្សែនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយនាយឧត្ដមសេនីយ៍ ខេង សុមេត ប្រធានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប បានអញ្ជើញទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន២៨ខ្សែ ប្រវែងសរុប១៦៥គីឡូម៉ែត្រ ដែលបានស្ថាបនារួច នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បណ្ឌិតសភាចារ្យបានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រកាន់យកអាទិភាពសម្រាប់អភិវឌ្ឍន៍ប្រទេស គឺផ្លូវ ទឹក ភ្លើង មនុស្ស តែសម្រាប់នីតិកាលទី៦ គឺមនុស្ស ផ្លូវ ទឹក ភ្លើង ពីព្រោះប្រទេសកម្ពុជាយើងកំពុង ធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងសកលលោក ជាពិសេសនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា ផ្លូវក្រាលក្រួសក្រហមដែលបានស្ថាបនារួចមានប្រវែង១៦៥ គីឡូម៉ែត្រ នាពេលនេះអនុវត្តដោយនាយឧត្ដមសេនីយ៍ ខេង សុមេត ប្រធានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល ជាអាណាប័ករបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

នាយឧត្ដមសេនីយ៍ ខេង សុមេត បានបញ្ជាក់ថា បច្ចប្បន្ននេះមានប្រជាពលរដ្ឋប្រហែលជាង ២០០០គ្រួសារ ក្នុងចំណោមជាង ២០ ០០០គ្រួសារ បានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មករស់នៅតំបន់នេះ។ តមកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរបានអញ្ជើញទៅពិនិត្យទីតាំង គម្រោងអភិវឌ្ឍន៍តំបន់ពាក់ស្នែងដែលត្រូវត្រូវស្ថាបនាផ្លូវក្រាលបេតុងសរសៃដែកប្រវែង ១៧.១០គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ចិញ្ចើមសងខាង ប្រវែង ២ម៉ែត្រ និងស្ថាបនាស្ពានបេតុង (30mx13m) ស្ថាបនាលូប្រអប់ចំនួន៤កន្លែង និងលូមូល ១២កន្លែង ស្ថិតនៅភូមិដូនឪ ឃុំលាងដ ទៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលគ្រោងចំណាយថវិកាសរុបចំនួន ៥០ ៥៤៧លានរៀល។

ដោយឡែកសម្រាប់ជំហាន២ នៃឆ្នាំបន្តបន្ទាប់៖ គ្រោងស្ថាបនាផ្លូវក្នុងទីតាំង១ និងទីតាំង២ ប្រវែង ៨៨.៩០ គីឡូម៉ែត្រ ស្ថាបនាផ្លូវដីល្បាយក្រួស ប្រវែង ៨៨.៩០ គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ និងសំណង់មុខទឹកមួយចំនួន។

បណ្ឌិតសភាចារ្យបានបនតទៀតថា ជាមួយនេះក៏មានស្ថាបនាផ្លូវក្រាលបេតុងសរសៃដែកប្រវែង ៣៥.៩៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ លើផ្លូវមេ ក្នុងទីតាំង១ និងទីតាំង២ និងភ្ជាប់រវាងទីតាំងទាំងពីរ ព្រមទាំងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥២ គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ លើផ្លូវរងក្នុងទីតាំងទាំងពីរផងដែរ។

ដោយអនុលោមតាម ស.ជ.ណ តំបន់រុនតាឯក ត្រូវស្ថាបនាផ្លូវសរុបប្រវែង ១៤០ គីឡូម៉ែត្រ ជំហាន១សម្រាប់ឆ្នាំ២០២៣៖ គ្រោងនឹងស្ថាបនាផ្លូវក្រាលបេតុងសរសៃដែក ប្រវែង ១៦ គីឡូម៉ែត្រ និងផែនការឆ្នាំ២០២៣បានធ្វើការសិក្សាផ្លូវល្បាយក្រួស បានប្រវែង ៤០គីឡូម៉ែត្រ និងនៅសល់កំពុងបន្តការសិក្សាបនតទៀត៕