ភ្ញៀវទេសចរជាតិចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅសម្រាប់មកលេងកម្សាន្តក្នុងឱកាសឈប់សងថ្ងៃបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាបលោក ហ្វី លិបកៅ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយឈ្មោះថា “សម្រាកសៀមរាប” ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ដោយអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍។ លោកបន្តថា គិតរហូតមកដល់រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរជាតិបានចាប់ផ្តើមធ្វើការកក់បន្ទប់ស្នាក់នៅខេត្តសៀមរាបមានជាបន្តបន្ទាប់ហើយ តែមិនទាន់ច្រើននៅឡើយទេ ដោយសារតែតាមទម្លាប់ភ្ញៀវទេសចរជាតិភាគច្រើន មិនសូវកក់បន្ទប់ស្នាក់មុនទេ ច្រើនតែមកដល់ភ្លាមចូលស្នាក់នៅភ្លាម។ ជាមួយនេះ យើង ឃើញថា មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅខេត្តសៀមរាបក៏បានបញ្ចុះតម្លៃស្នាក់ នៅផងដែរ។ ភ្ញៀវទេសចរជាតិចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅសម្រាប់មកលេងកម្សាន្តក្នុងឱកាសឈប់សងថ្ងៃបុណ្យចូលឆ្នាំ លោករំពឹងថា នៅក្នុងឱកាសនេះ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបល្អ ប្រសើរជាងបច្ចុប្បន្ន ដោយប្រតិបត្តិករទេសចរណ៍ និងទទួលបានចំណូលខ្លះសម្រាប់ ធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការទៅមុខទៀតបាន ហើយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏អាចទទួលបានប្រយោជន៍ទាំងដោយផ្ទាល់និងប្រយោលផងដែរ៕