ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានគណៈកម្មាធិការដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងបឹងកេងកង នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើង ពីសមិទ្ធផលសំខាន់ៗរបស់ជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តកាន់តែខ្លាំងមកលើការដឹកនាំរបស់គណបក្ស។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ក្នុងការដណ្តើមយកជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមប្រធាន បន្តថា ផ្តើមចេញពីកត្តាសុខសន្តិភាព រក្សាបានស្ថេរភាពនយោបាយ ពលរដ្ឋមានជីវភាពល្អប្រសើរ និងការប្រព្រឹត្តនូវអំពើល្អរបស់សមាជិក សមាជិករបស់គណបក្សប្រជាជនកម្ពុជា បានធ្វើលទ្ធផលនៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក របស់គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់។

ដើម្បីរក្សាបានប្រៀបឈ្នះទាំងនេះបន្តទៀត ឯកឧត្តមប្រធាន បានជំរុញឲ្យក្រុមការងាររបស់គណបក្ស ចូលរួមអនុវត្តន៍នូវគោលនយោបាយរបស់គណបក្ស ឲ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីអង្គបោះឆ្នោតមានចំនួនកាន់តែច្រើនបន្ថែមទៀត៕