សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយជាសម្ភារប្រើប្រាស់ រួមទាំងភេសជ្ជៈមួយចំនួន ជូនកុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយជាសម្ភារប្រើប្រាស់ រួមទាំងភេសជ្ជៈមួយចំនួន ជូនកុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា

ទោះក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ក៏ឡើយ កាកបាទក្រហមកម្ពុជា ដែលមានកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅតែបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះយ៉ាងសស្រាក់សស្រាំ តែបែបគន្លងថ្មី។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដោយនាំយកនូវអំណោយជាសម្ភារប្រើប្រាស់ និងភេសជ្ជៈមួយចំនួនទៀត ជូនដល់កុមារី និងបុគ្គលិក នៃអង្គការអាហ្វេស៊ីបកម្ពុជា។

លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិកមជ្ឈមណ្ឌលនេះ បានលើកឡើងទាំងទឹកភ្នែក និងទឹកចិត្ដរំភើបជាពន់ពេកថា លោកស្រី និងកុមារនៃអង្គការអាហ្វេស៊ីបកម្ពុជា ពិតជាសប្បាយចិត្ដណាស់ ដឹងគុណបុណ្យមិនអាចកាត់ថ្លៃបាន នូវទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់បែបយ៉ាងចំពោះជីវភាពរបស់ប្រជាជន ជាពិសេស ផ្ដល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ពោរពេញដោយការអាណិតស្រលាញ់ ដល់កូនៗគ្រប់គ្នា។

ក្នុងឱកាសនោះ លោកស្រី ម៉ម សុម៉ាលី ក៏បានគូសរម្លឹកពីការសណ្ដោសប្រណី ជួយឧបត្ថម្ភ និងជ្រោមជ្រែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានទំនុកបម្រុងជាបន្តបន្ទាប់ និងផ្ដល់ថវិកាសម្រាប់សាងសង់អគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗនៅថ្ងៃនេះ ដែលបានជួយសម្រាលការលំបាក និងលើកកម្ពស់សុខភាពផ្លូវចិត្ដដល់ចៅៗកុមារបានយ៉ាងល្អប្រសើរ។

លើសពីនោះ លោកស្រី ក៏បានថ្លែងថា «សូមអរគុណដល់សន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានថ្ងៃនេះដែរ, ជាងនេះទៅទៀតសូមថ្លែងអំណរគុណ និងដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើគ្មានលោក ពួកយើងគ្មានជីវិតរស់នៅដល់សព្វថ្ងៃនេះដែរ។ ជាពិសេសនៅកន្លែងនេះ ពីមុនពិបាកខ្លាំងណាស់ សម្ដេចតេជោ ជួយពួកខ្ញុំទាំងអស់គ្នាច្រើនណាស់ ជួយទាំងថវិកាសាងសង់អគារ ស្បៀងអាហារ ការលើកទឹកចិត្ដ ស្មារតី និងក្ដីស្រលាញ់ដ៏កក់ក្ដៅ ។ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែសួរសុខទុក្ខកូន មិនដែលខកខានឡើយ»

ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗទាំងអស់ ទោះបីជាសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកផ្ទាល់ ក៏សម្តេចតែងតែមានការនឹករលឹក ដក់ជាប់ក្នុងចិត្តជានិច្ច ចាប់តាំងពីពេលដែលសម្តេច បានអញ្ជើញមកសួរសុខទុក្ខចៅៗក្មួយៗដោយផ្ទាល់ កាលពីថ្ងៃដើមឆ្នាំ២០១៩កន្លងទៅ។

លោកស្រីក៏បានពាំនាំការផ្តាំផ្ញើ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗចៅៗទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ និងគុណធម៌ ក្នុងការរស់នៅ ចេះជួយគ្នា ស្រឡាញ់គ្នាដូចបងប្អូន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនាគតភ្លឺស្វាង។ ទន្ទឹមនឹងនេះ សូមក្មួយៗចៅៗទាំងអស់ ថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការស់នៅ និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នេះជាលើកទី៩ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ អង្គការអាហ្វេស៊ីបកម្ពុជា ដែលមានកុមារី-យុវនារី ចំនួន ១៣៦នាក់ និងបុគ្គលិកចំនួន ៣២នាក់ កំពុងស្នាក់នៅក្នុងអង្គការ ដែលស្ថិតនៅក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសម្រាប់អំណោយដែលនាំមកជាមួយជូនដល់កុមារ រួមមាន៖ ភេសជ្ជៈ១០០កេស, ខ្ញីទឹកឃ្មុំឌូឌឺវី៥កេស, ច្រាស់ដុសធ្មេញ ២កេស, កន្ត្រៃកាត់ក្រចក ៤កំប៉ុង, ដំបៀត ៤កំប៉ុង, ម៉ាស៣កេស, ជែលដប ១០កេស និងជែលថង់៥កេស៕