សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលលោកទាំងពីរតែងគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ជាមួយនោះលោកស្រី និងក្រុមការងារ សូមចូលរួមសោកស្តាយជាពន់ពេក និងបានចូលរួមរំលេកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ទៀតថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ជាមួយគ្នានោះ លោកស្រី ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពខ្លួនឲ្យបានល្អ ហើយប្រសិនបើបងប្អូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច ដើម្បីកាត់ផ្ដាច់ជំងឺកូវីដ-១៩ ផុតពីមូលដ្ឋានភូមិស្រុករបស់យើង ក៏ដូចជាខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ។

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនោះ រួមមាន៖ មុង ១, ភួយ ១, សារុង ១, ក្រមា ១, ខ្នើយ ១, ត្រីខ ១យួរ, មី ១កេស, សាប៊ូលុច ៤ដុំ, កន្ទេល១, អង្ករ ២៥គីឡូ, ទឹកសុទ្ធ ៥យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ និងថវិកា ១៥ម៉ឺនរៀល៕

Related Posts