កាកបាទក្រហមកម្ពុជា ផ្ដល់ជូនជែលលាងដៃ ៧៧៣កាតុងដល់មន្ត្រីពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ហួន ចន្ទបូរ៉ា តំណាងកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលជែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៧៧៣កាតុង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពគ្រប់ទីកន្លែងបាន ដោយសារមានការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ា សប្បុរសជននានា ទាំងអស់ក្នុងខេត្ត និងក្រៅខេត្តដែលបានផ្ដល់ជាថវិកា និងសម្ភារ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ សម្រាប់ជួយដល់លោកតា លោកយាយ ពុកម៉ែ បងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ងួនរតនៈ ក៏បានថ្លែងអំណរគុណដល់បងប្អូន និងសប្បុរសជនជនទាំងអស់ដែលបានឧបត្ថម្ភសម្ភារ និងថវិកាដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងការជួយរំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលមានបញ្ហាផ្សេងៗ ដែលកើតឡើងដោយសារគ្រោះធម្មជាតិផ្សេងៗ ៕

Related Posts