សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ពុធ​ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បាន​អនុញ្ញាតឱ្យ​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​លោកជំទាវ​ត្រូវ​ចប់​បេសកកម្ម​កា​ទូត នៅ​ប្រទេស​កម្ពុជា។

នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ជម្រាបជូន​លោកជំទាវ​ថា បើ​ទោះ​មានការ​ឆ្លង​ជំងឺ​កូ​វីដ-១៩ ដល់​ក្នុង​ពន្ធនាគារ រយៈពេល​កន្លងមកនេះ​ក៏ដោយ ក្រសួងមហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ល្អ​ផងដែរ។ សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា ឥឡូវនេះ គឺ​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា នៃ​ការឆ្លង​ជំងឺ​ក្នុង​ពន្ធនាគារ ហើយ​មាន​វិធានការ​មួយចំនួន​ត្រូវបាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព។

ចំពោះ​ករណី​ជំងឺ​កូ​វីដ-១៩ ក្នុង​ពន្ធនាគារ​នោះ សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើងថា ក្រសួងមហាផ្ទៃ បានធ្វើ​កិច្ចសហការ​យ៉ាង​ល្អជា​មួយ ក្រសួងសុខាភិបាល ដើម្បី​ជំរុញ​ដល់​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ឱ្យបាន​ទាន់ពេលវេលា។ សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ កំពុង​ធ្វើ​កិច្ចសហការ​ជាមួយ ក្រសួងយុត្តិធម៌ ដើម្បី​ពិចារណា​ទៅលើ​ស្ថានភាព​ទោស​របស់​ជន​ជាប់ឃុំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជួយ​សម្រួល​ដល់​ស្ថានភាព​ចង្អៀត​ណែន​នៅ​ពន្ធនាគារ ក្នុងស្ថានភាព​ប្រឈម​ជំងឺ​កូ​វីដ-១៩ នាពេល​បច្ចុប្បន្ននេះ។

ក្នុងជំនួប​នោះ​ផងដែរ លោកជំទាវ Eva Nguyen Binh បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រតិបត្តិការ​រវាង​ក្រសួងមហាផ្ទៃ និង​ស្ថានទូត​បារាំង ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ថ្លៃ​ង​អំណរគុណ​ចំពោះ​ការផ្ដល់​ព័ត៌មាន​នានា​ក្នុងឱកាស​នេះ៕

ជា​ចុងក្រោយ លោកជំទាវ ក៏បាន​អះអាងថា ឯកអគ្គរដ្ឋទូត​បារាំ​ង​ថ្មី នឹង​បន្ដ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​កម្ពុជា រួមទាំង ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ជាមួយនឹង​ក្រសួងមហាផ្ទៃ​ផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.