អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​បន្ត​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់ និង​ព​ន្លឿ​ន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ស្ថិតក្នុង​ភូមិ​ប៊ុន​រ៉ា​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ

ពោធិ៍សាត់៖ លំនៅដ្ឋាន ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ដែល​ត្រូវ​ស្ថាបនា និង​ផ្តល់ជូន​អតីតយុទ្ធជន​ក្រីក្រ និង​ពិការភាព ក្នុង​ខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ/៦២៨ខ្នង នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ស្ថិតក្នុង​ភូមិ​ប៊ុន​រ៉ា​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ គិត​មកទល់ពេលនេះ សាងសង់​រួចរាល់១០៥ខ្នង​ហើយ និង២៥ខ្នង​ទៀត​កំពុង​សាងសង់​បន្ត ក្នុង​តំបន់​A លើ​គម្រោង១៥០ខ្នង (ជំហាន២)។

ជាក់ស្តែង​នា​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្ត បាន​បន្ត​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​ផ្ទះ និង​ទីតាំង​ដែល​ត្រូវ​សាងសង់​មណ្ឌល​សុខភាព, សាលារៀន ព្រមទាំង​ដាក់​ផែនការ​មួយចំនួន​ដល់​មន្ត្រី​ប្រចាំការ ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ ឱ្យបាន​លេចចេញ​ជា​រូបរាង​ឡើង ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។

គួរ​បញ្ជាក់ថា ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​ខាងលើនេះ ត្រូវបាន​ចាប់ឆ្នោត​ប្រគល់ជូន​ដល់​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​ក្នុង​ខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ រួចរាល់​ហើយ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី (លំនៅដ្ឋាន និង​ដី​កសិកម្ម) ទំហំ៧០គុណ១៥០ម៉ែត្រ។ ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​អតីតយុទ្ធជន និង​គ្រួសារ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានធ្វើ​សំណើ​គោរព​ចូលមក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់ ដោយ​សម្តេច​បានសម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទីតាំង​ខាងលើ។ ទន្ទឹមនឹងនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមទាំង​សប្បុរសជន បានទទួល​រ៉ាប់រង​ក្នុងការ​សាងសង់​ផ្ទះ​ជូន ដែល​បច្ចុប្បន្ន​សាងសង់​បាន១០៥ខ្នង​ហើយ (ក្នុងនោះ៥០ខ្នង ត្រូវបាន​ប្រគល់-ទទួល ជំហាន១ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ)។

ការផ្តល់ជូន​សម្បទាន​ដី​សង្គមកិច្ច និង​ផ្ទះ​ខាងលើនេះ គឺជា​ការមើលឃើញ​ពី​ពលី​កម្ម​ដ៏​ធំធេង របស់​អតីតយុទ្ធជន​ពី​សំណាក់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា​រដ្ឋបាលខេត្ត ដែល​ពួកគេ​បាន​ខិតខំ​បំពេញបេសកកម្ម​ការពា​រ​ជាតិ​មាតុភូមិ រហូត​ទទួលបាន​សុខសន្តិភាព​មកដល់​ស​ព្វ​ថ្ងៃ។

បច្ចុប្បន្ននេះ​ដំណើរការ​សាងសង់​ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ បាន​នឹង​កំពុងដំណើរការ​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​ក្នុងនោះ​រួមមាន មណ្ឌល​សុខភាព សាលារៀន ផ្លូវ អណ្តូង និង​ត្រួសត្រាយ​ដី​រៀបចំ​ភូមិឋាន​ជាដើម។

អតីតយុទ្ធជន និង​គ្រួសារ ដែល​បាន​ចូលមក​រស់នៅ​ក្នុងផ្ទះ​ដែល​សាងសង់​រួច ពួកគេ​មាន​ជំនឿ​ជឿជាក់ និង​ប្តេជ្ញា​កសាង​ជីវិត នៅលើ​ទឹកដី​ថ្មី ប្រកបដោយ​ក្តីសង្ឃឹម មាន​សុភមង្គល និង​មាន​ទេសភាព អាកាសធាតុ​ដ៏​ស្រស់ត្រកាល​មួយ​នេះ​តរៀង​ទៅ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.