ឯកឧត្តម អ៉ិ​ត សំហេង៖ សហជីព ត្រូវ​ដោះស្រាយ​លើ​តុ​ចរចារ ជៀសវាង​ការដឹកនាំ​ធ្វើបាតុកម្ម​បិទផ្លូវ ឬ​ប្រើ​ហឹ​ង្សា បំផ្លិចបំផ្លាញ​សម្បត្តិ​សាធារណៈ និង​ឯកជន

ភ្នំពេញ៖ ក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) អាណត្តិ​ទី៣ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ទៅដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សហព័ន្ធ​សហជីព ត្រូវ​គិតដល់​តុ​ចរចារ​ជា​អតិប្បរមា ជៀសវាង​ឱ្យបាន​រាល់​ការដឹកនាំ​ធ្វើបាតុកម្ម​បិទផ្លូវ ឬ​ប្រើ​ហឹ​ង្សា បំផ្លិចបំផ្លាញ​សម្បត្តិ​សាធារណៈ និង​ឯកជន​នានា ដូច​សហជីព​មួយចំនួន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ភាពវឹកវរ​ចលាចល និង​អសន្តិសុខ​ដល់​សង្គម បង្អាក់​ដល់​ការប្រកប​របរការ​ងា​រ រក​ទទួលទាន​របស់​ប្រជាពលរដ្ឋ សម្រាប់​បុគ្គល រឺក៏​ក្រុម​ដែល​ធ្វើការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ហឹ​ង្សា​អស់​ទាំងនេះ នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ផងដែរ។ ទន្ទឹមនឹងនោះ ក្នុងនាម​ជា​សហជីព ត្រូវការពារ​សិទ្ធិ ប្រយោជន៍​រួម​ស្របច្បាប់​របស់​កម្មករ​និយោជិត ជាជាង​ផលប្រយោជន៍​ក្រុម ឬ​បុគ្គល​ណាមួយ និង​ត្រូវ​ធ្វើការ​ផ្អែកលើ​គោលការណ៍​ច្បាប់ សំដៅ​រក្សា​ឱ្យបាន​នូវ​ភាតរភាព ទំនាក់ទំនង​ល្អជា​មួយ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ដៃគូរ​ការងារ បើកទ្វារ​រង់ចាំ​ផ្តល់​សេវា និង​កិច្ចសហការ​ទាំងឡាយ​ស​ម្រា​ប់​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ។

ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច ដែលមាន​ការប្រកួតប្រជែង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​យកចិត្តទុកដាក់ គិតគូរ​ដល់​បរិយាកាស​ការងារ សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត សហជីព​តំណាង​កម្មករនិយោជិត និង​និយោជក ដោយបាន​ដាក់ចេញ​នូវ​សកម្មភាព​យុទ្ធសាស្ត្រសំខាន់ៗ ដូច​មានចែង​ក្នុង​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២។ ក្រៅពី​ផែនការ​យុទ្ធសាស្ត្រ ក្រសួង​បាន​បង្កើត​ស្នាដៃ និង​ធ្វើ​កិច្ចការ​ជាក់ស្តែង​ជាច្រើន​ក្នុងការ​លើកកម្ពស់​សិទ្ធិ អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករនិយោជិត និង​ការចូលរួម​របស់​អង្គការ​វិជ្ជាជីវៈ​ផងដែរ។

នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ក៏បាន​អបអរ​សារ​ទរ​ចំពោះ ឯកឧត្តម សោម អូន ដែល​ត្រូវបាន​ព្រះមហាក្សត្រ ព្រះអង្គ​សព្វ​ព្រះរាជ​ហរ​ទ័យ​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​ជា រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សូម​អបអរសាទរ​ចំពោះ លោក សួង ហួត ដែល​បានទទួល​នូវ​សេចក្តីទុកចិត្ត និង​ជ្រើសតាំង​ជា​ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បន្ត​ពី ឯកឧត្តម សោម អូន។

ឯកឧត្តម​រដ្ឋមន្ត្រី ជឿជាក់ថា​ក្នុង​អាណត្តិ​ទី៣ ដែល​ដឹកនាំ​ដោយ លោក សួង ហួត នឹង​បន្ត​ការដឹកនាំ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បានល្អ ព្រមទាំង​បង្កើត​ស្នាដៃថ្មីៗបន្ថែមទៀត ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ជា​មូលដ្ឋាន និង​ដើម្បី​រក្សាបាន​នូវ​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ។

បើតាម​របាយ​ការ​ណ៏​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា(NACC) បាន​បង្កើតឡើង​នៅ​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៧ ដោយមាន​ការចូលរួម​ចង​ជាស​ម្ព័​ន្ឋ​ភាព​ពី​សហភាព​ចំនួន០៣ និង​សហព័ន្ធ​ចំនួន ០៨ ។ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា(NACC)គឺជា​សម្ព័ន្ធ​សហភាព​សហជីព ដែល​បាន​បង្កើត​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ស្របពេល​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​វាយ​ន​ភណ្ឌ​មានការ​រីកចំរើន ហើយ​ពេលនោះ​វិវាទ​ការងារ​ក៏មាន​ការកើតឡើង​គួរកត់សំគាល់​ផងដែរ ។

ដោយសារតែ​ភាព​សកម្ម​ហើយ មាន​ទស្សនៈវិស័យ​និង​គោលដៅ​ច្បាស់លាស់ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ទទួលបាន​ការទាក់ទាញ​និង​ការចាប់អារម្មណ៍​ពី​សំណាក់​សហ​ព័​ន្ឋ​សហជីព អង្គការ សមាគម ដទៃទៀត​ចូលរួម​ជា​សមាជិក និង​បាន​ចង​ជា​សម្ព័ន្ធភាព ដែល​រហូតមក​ដល់ពេលនេះ NACC មាន​សហភាព​ចំនួន0៧ និង​សហព័ន្ធ​សហជីព សមាគម អង្គការ ចំនួន៥៦ ក្នុងនោះ​មាន​សមាជិក​បម្រុង​ចំនួន០៤សហ​ព័​ន្ឋ​សហជីព។

សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានធ្វើ​សកម្មភាព និង​ប្រមូល​ចងក្រង​សមាជិក​នៅក្នុង​វិស័យ កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង កាបូប វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ  វិស័យ​ទេសចរណ៍ វិស័យ​ស្បៀងអាហារ និង វិស័យ កសិកម្ម ។ បច្ចុប្បន្ន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុ​ជាមាន​សមាជិក​សរុប គ្រប់​វិស័យ​ជាង ៤៥ម៉ឺន​នាក់ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.