ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជសារ​ជូន ឯកឧត្តម ស៊ី ជីន​ពីង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី៧១ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ភ្នំពេញ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដ៏​វិសេសវិសាល នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧១ឆ្នាំ ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជសារ​ជូន ឯកឧត្តម ស៊ី ជីន​ពីង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី៧១ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន

យោងតាម​ព្រះរាជសារ​ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបាន​នៅ​រសៀល​ថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា៖ “ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ឯកឧត្តម បក្ស​កុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និង​កងទ័ព​រំដោះប្រជាជន​ចិន ព្រមទាំង​ប្រជាជន​ចិន ក្នុងការ​គ្រប់គ្រង​វីរុស​កូ​វីដ-១៩ និង​ស្តារឡើងវិញ​យ៉ាង​ឆាប់រហ័ស នូវ​ជីវភាព​រស់នៅរ​បស់​ប្រជាជន និង​សេដ្ឋកិច្ច​ចិន ឱ្យមាន​ភាពប្រក្រតី​ឡើងវិញ” ។

ព្រះរាជសារ​ក៏បាន​បញ្ជាក់​ផងដែរ​ថា៖ “ខ្ញុំ​សូម​កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ រដ្ឋាភិបាល​ចិន ចំពោះ​ការចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​នៅក្រៅ​ប្រទេស និង​ការធានា​របស់​ឯកឧត្ដម ថា​នៅពេលដែល​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ ត្រូវបាន​បង្កើត​ដោយ​ប្រទេស​ចិន វ៉ាក់សាំង​ទាំងនោះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រីក​រាលដាល​ជាស​កល ហើយនឹង​ត្រូវបាន​ផ្តល់​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត ដោយ​ឈរលើ​មូលដ្ឋាន​អាទិភាព។

ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ​ប្រទេស​ចិន អំពី​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​នូវ​ភាពក្រីក្រ​ទូទាំងប្រទេស ក្នុងនោះ​ព្រះអង្គ​បាន​សង្កត់ធ្ងន់​អំពី​គោលជំហរ​ក្នុងការ​សហការគ្នា​ជានិច្ច​ជាមួយនឹង​ប្រទេស​ចិន និង​បន្ត​គាំទ្រ គោលនយោបាយ​ចិន​តែមួយ ផងដែរ។

ក្នុងឱកាស​នោះ ព្រះករុណា ព្រះមហាក្សត្រ ក៏​បញ្ជាក់​អំពី​ការគាំទ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​ប្រទេស​ចិន ក៏ដូចជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​កសាង​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ។

ព្រះករុណា ព្រះមហាក្សត្រ និង​ក្នុង​ព្រះបរមនាម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ​សព្វ​ព្រះរាជ​ឫ​ទ័យ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន ដែល​តែងតែ​ស្វាគមន៍​ព្រះអង្គ​ទាំង​ទ្វេ ទៅពិនិត្យ​ព្រះរាជសុខភាព​សុខភាព និង​សំរាកលំហែ​នៅ​ប្រទេស​ចិន​គ្រប់ពេល​ផងដែរ៕

ប្រភព៖ AKP