កម្ពុជា​គាំទ្រ​អាស៊ាន​ពិនិត្យ​លទ្ធភាព​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ដោយ​ធានា​សុវត្ថិភាព ទំនុកចិត្ត និង​ភាពជឿជាក់

ភ្នំពេញ៖ នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទំនាក់ទំនង​វិបត្តិ​ទេសចរណ៍​អាស៊ាន លើក​ទី៣ ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ-១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន និង​ស្ដាប់​ផែនការ​អនាគត​នៃ​ប្រទេសនីមួយៗ ភាគី​កម្ពុជា និង​ប្រទេស​ដទៃទៀត​បានបង្ហាញ​ការគាំទ្រ​ឱ្យ​អាស៊ាន​ពិនិត្យ​លទ្ធភាព​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ដោយ​ធានាបាន​នូវ​សុវត្ថិភាព ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងប្រទេសរៀងៗខ្លួន។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន នា​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំ​ដោយ​ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន អាណត្តិ​ឆ្នាំ២០២១ (ASEAN NTOs) និង​ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTOs) នៃ​ប្រទេស​សមាជិក​ទាំង ១០ លេខាធិការដ្ឋាន​អាស៊ាន សាម​គម​ន៍​ទេសចរណ៍​អាស៊ាន (ASEANTA) សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (PATA) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក (US-ABC) និង​ក្រុមប្រឹក្សា​ធ្វើដំណើរ​ពិភពលោក (WTTC) ដែលមាន​សមាសភាព​ចូលរួម ៧៤ រូប។

កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា និង​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ -១៩ លើ​វិស័យ​ទេសចរណ៍​អាស៊ាន ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​លទ្ធផល​ការងារ​ទេសចរណ៍​អាស៊ានផ្សេងៗទៀត ដូចជា៖

១៖ ប្រទេស​អាស៊ាន​ទាំង ១០ បានគិត​គូរ​អំពី​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ និង​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​បន្ត និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការបើក​ទេសចរណ៍​ឡើងវិញ​នេះ​ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ។

២៖ ពិនិត្យ​បច្ចុប្បន្នភាព​នៃ​កា​រៀបចំ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នៅក្រោយ​វិបត្តិ​កូ​វីដ-១៩ និង​ការរៀបចំ​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ (ដឹកនាំ​សម្របសម្រួល​ដោយ​កម្ពុជា) ដែល​នឹង​គ្រោង​ស្នើសុំ​ការអនុម័ត​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នាពេលខាងមុខ។

៣៖ សហគមន៍​ទេសចរណ៍​អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញ​អំពី​ការគាំទ្រ​អាស៊ាន​ឲ្យ​ពិនិត្យ​លទ្ធភាព​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ដោយ​ធានាបាន​នូវ​សុវត្ថិភាព ទំនុកចិត្ត និង​ភាពជឿជាក់។

៤៖ ប្រទេស​សមាជិក​បាន​រាយ​ការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជា​ផែនការ​បើក​ទេសចរណ៍​អន្តរជាតិ​នាពេលខាងមុខ ដែលជា​ទូទៅ​ប្រទេស​ជា​សមាជិក​មាន​គម្រោង​បើក​ទេសចរណ៍​មុន​ឆ្នាំ២០២។

ប្រទេស​សមាជិក​ក៏បាន​គាំទ្រ​កម្ពុជា​សាជាថ្មី ចំពោះ​ការដាក់​ចុះ​ផែនការ​លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.