ឆ្កែព្រៃ​ប្រភេទ​សត្វ​កម្រ​ចាប់ផ្តើម​ឃើញ​វត្តមាន​ច្រើន​ឡើងវិញ​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា

ភ្នំពេញ៖យោងតាម​ទិន្នន័យ​រូបភាព​ដែល​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​បានដាក់​នៅតាម​តំបន់ការពារធម្មជាតិ​ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​និង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល បាន​រកឃើញ​វត្ត​មាននៃ​សត្វ​ឆ្កែព្រៃ។ ទោះបីជា​មិនទាន់​សូវ​សំបូរ​តែ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​អភិរក្ស និង​អ្នក បរិស្ថាន​និយម។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​នៃ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយ​បង្ហាញ​មោទកភាព​ថា នេះ​ជា​លទ្ធផល​នៃ​កិច្ច​ខិត ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ក្រោយ កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក្រោម​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កម្ពុជា​មានឱកាស​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ខ្លួន​មាន ហើយ​បច្ចុប្បន្ននេះ​បាននិងកំពុង​តែ​ទទួលបាន​នូវ​ផ្លែផ្កា។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ឆ្កែព្រៃ​ត្រូវបាន​ក្រុម​អ្នក​ជំនា​ថតរូប​បាន​តាម​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅក្នុង ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ក្នុង​ខេត្តពោធិ៍សាត់ និង​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ក្នុង​ខេត្តរតនគិរី។ ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​ក្រៅពី​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គេ​ឃើញ​វត្តមាន​នៃ​សត្វ​ឆ្កែព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ផ្សេងទៀត​ក្នុង​តំបន់​ទេសភាព

ខ្ពស់​រាប​ភាគ​ខាងកើត​ដូច​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ជាដើម​ដែល​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ បាន​ចាប់បាន​រូបភាព​នៃ​ប្រភេទ​សត្វ​ទាំងនេះ​រួម​នឹង កូនតូចៗផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា​នេះ​គឺជា​សញ្ញាណ​ដ៏​ល្អ​មួយ​នៃ​ជីវៈចម្រុះ​នៅ​កម្ពុជា ដែល​ប្រភេទ​សត្វ​កម្រ​ដូចជា​សត្វ​ឆ្កែព្រៃ​នេះ​ចាប់ផ្តើម​បង្ហាញ​វត្តមាន​ឡើង​នៅ​តំបន់​មួយចំនួន ហើយ​តំបន់ មួយចំនួនទៀត​មាន​ចំនួន​កើនឡើង។

លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ​ប្រភេទ​សត្វកម្រៗនៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​បាន​ថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជា​ពពួក​មំ​សា​សត្វ​មាឌធំ និង​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ (Endangered) នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN។ ឆ្កែព្រៃ​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ និង​ព្រៃ​ល្បោះ​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា។ លោក​បន្តថា​ឆ្កែព្រៃ​ខុសពី​សត្វ​ចចក វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូងធំៗអាចមាន​រហូតដល់​ជាង​ដប់​ក្បាល ដែល​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រមាញ់​ចំណី (ជាពិសេស​ប្រភេទ​សត្វ​មាឌធំ) និង​ទប់​ទល់នឹង​សត្រូវ។

លោក​បាន​បន្តថា កត្តា​គំរាមកំហែង​ដល់​សត្វ​ឆ្កែព្រៃ​មានដូចជា ការដាក់​អន្ទាក់ បាត់បង់​ទីជម្រក បាត់បង់​សត្វ​ដែលជា​ចំណី (ពពួក​ស​ត្ច​ក្រចកជើង​ចំ​ពាម) ការចម្លង​ជំងឺ​ពី​ឆ្កែស្រុក​ដែល​ត្រូវបាន​យក​ចូលក្នុង​ព្រៃ​ក្នុង​គោលបំណងផ្សេង។ មានការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ស្តីពី​របប​អាហារ​របស់​សត្វ​ឆ្កែព្រៃ (២០១៣-២០១៥) ដោយ​លោក Jan F. Kamler បាន​បង្ហាញថា សត្វ​ឆ្កែព្រៃ​ភាគច្រើន​ស៊ី​ឈ្លូស ជ្រូកព្រៃ និង​សត្វ​ទន្សោង ជា​អាហារ។ តាម​ការបញ្ជាក់​របស់​លោក ពិន ច័ន្ទ​រតនា តំបន់​ណា​ដែល​សំបូរ​ដោយ​វត្តមាន​ខ្លារខិន នោះ​នឹង មិនសូវ​សំបូរ​វត្តមាន​សត្វ​ឆ្កែព្រៃ​ឡើយ ព្រោះ​សត្វ​ទាំងពីរ​ប្រភេទ​នេះ​ស្វែងរក​អាហារ​ដូចគ្នា។

ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា ការរកឃើញ​វត្តមាន​សត្វកម្រៗជាច្រើន​ក្នុងនោះ​មាន​សត្វ​ឆ្កែព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា បាន​បង្ហាញថា​តំបន់ការពារធម្មជាតិ ត្រូវបាន​ការពារ​និង​អភិរក្ស​បានល្អ​ប្រសើរ  និង​បាន​ក្លាយជា​ទីជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ។ ក្រសួងបរិស្ថាន​ក្នុងនាម​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​ដែន​យុត្តាធិការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ដើម្បី​ការពារ​ព្រៃឈើ​ដែលជា​ទីជម្រក​របស់​ព​ពួក​សត្វព្រៃ។ កម្ពុជា​ពិតជា​មាន​មោទកភាព​ដែលមាន​វត្តមាន​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​មាននៅ​កម្ពុជា។ ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​និង​អភិរក្ស​ជីវៈចម្រុះ​ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ កុំ​ព្យាយាម​នាំ​សត្វស្រុក​ចូលក្នុង​ព្រៃ​ព្រោះ​សត្វស្រុក​ដូចជា​សត្វ​ឆ្កែ​ជាដើម​ដែល​ទឹកមាត់​របស់​វា​មាន​ផ្ទុ​ល​មេរោគ​អាច​បង្ក​ផលប៉ះពាល់​ដល់​សត្វ​ឆ្កែព្រៃ និង​រួមគ្នា​ថែរក្សា​ស​ត្ច​ព្រៃ​ទាំងឡាយ​ឱ្យបាន​គង​វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត ដោយនិយាយ​ថា​ទេ​ចំពោះ​សាច់​សត្វព្រៃ និង​កុំ​ប្រើប្រាស់​របរ​របរ​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធ្វើ​ពី​សំណាក​សត្វព្រៃ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.