សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ជួប​សំដែង​ការគួរសម និង​ជម្រាបលា

ភ្នំពេញ៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​ពិភាក្សា​ការងារ និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​ជំនួប​នោះ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានមក​បំពេញបេសកកម្ម​កា​ទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​រយៈពេល៣ឆ្នាំ៧ខែ​កន្លងមកនេះ ឯកឧត្តម​បាន​សង្កេតឃើញថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​មានការ​រឹងមាំ និង​មានការ​រីកចម្រើន ដោយឡែក​វិស័យ​វិនិយោគ ពាណិជ្ជកម្ម​ក៏មាន​ការកើនឡើង​ផងដែរ។ ឯកឧត្តម​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ផងដែរ​ដែល​បាន​ចូលរួមចំណែក​សហការ​ជាមួយ​ឯកឧត្តម​ក្នុង​សកម្ម​ការទូត​របស់​ឯក​ឧ​ត្ត​ម​នៅ​កម្ពុជា អោយទទួល​បាន​នូវ​ភាពជោគជ័យ​មកដល់ពេលនេះ។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យល់ស្រប​ជាមួយ​អ្វីដែល​ឯកឧត្តម​បានលើកឡើង និង​បាន​ថ្លែងអំណរគុណ​ជូន​ឯកឧត្តម​ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចំរើន​កាន់តែ​រឹងមាំ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ឯកឧត្តម​ថា ក្នុង​កាលៈទេសៈ​នេះ​អ្វីដែល​គប្បី​ត្រូវធ្វើ​គឺ៖

ទី១)  ការគ្រប់គ្រង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី១៩ តាមរយៈ​វិធានការ​សុខាភិបាល តែ​ធ្វើយ៉ាងណា​កុំ​រារាំង​ដំណើរការ​ពាណិជ្ជ​កម្ម

ទី២)  បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

ទី៣) ពិនិត្យមើល​វិស័យ​ដទៃទៀត​ដែល​ប្រទេស​ទាំងពីរ​អាច​ជំរុញ​ធ្វើការ​រួមគ្នា​បាន

 

មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ឱ្យ​ឯកឧត្តម​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​ជា​បន្តបន្ទាប់​ទៀត៕

#អរគុណសន្តិភាព