ភ្នំពេញ៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករាឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំ បានឯកភាពលើការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ។ ក្រៅពីនោះ កិច្ចប្រជុំក៏បានពិភាក្សាអំពីការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់បុគ្គលក្នុងវិស័យសាធារណៈ។ ក្នុងនោះក៏មានការពិចារណាអំពីបន្ទុក ក៏ដូចជាការផ្ដល់អត្ថប្រយោជន៍ដែលជាការគាំពារដល់មន្ត្រីរាជការ និងនិយោជិត។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្តនូវ “យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដើម្បីឃ្លាំមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ស្របតាមស្មារតី និងទិសដៅដែលបានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥ ។ “យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម” នេះ ផ្ដោតលើធាតុផ្សំចំនួន ៣៖ សេចក្ដីព្រាងសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម, សៀវភៅណែនាំ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការរាយការណ៍ និងការទទួលបានលទ្ធផល ដែលអាចធានាប្រសិទ្ធភាពនៃការអនុវត្ត។
យន្តការនេះ គឺជាយន្តការរស់ដែលមានភាពចាំបាច់ក្នុងការកែសម្រួល និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៅតាមវឌ្ឍនភាពនៃការកែទម្រង់ និងអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។
សូមរម្លឹកថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ“កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” កាលពីថ្ងៃទី ២៤ ខែ មិថុនាឆ្នាំ២០២០កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ក្នុងការអនុវត្តកម្មវិធី។
កម្មវិធីនេះ ទទួលបានការសារទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី ១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ, ខែទី ២ ចំនួន ៥៩៨ ៥១២គ្រួសារ, ខែទី ៣ ចំនួន៦៤៤ ៦៥៥ គ្រួសារ ។ ដោយឡែកសម្រាប់ខែទី ៤ ដែលបានចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០, រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ ។ អង្គប្រជុំ ក៏បានពិភាក្សាអំពីទិសដៅបន្ទាប់ក្នុងការបន្តអនុវត្តកម្មវិធីនេះ ផងដែរ៕
#អរគុណសន្តិភាព