អភិបាលខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់​ក្រុមគ្រួសារ​អតីត​យុទ្ធ ឱ្យ​ខិតខំ​រៀបចំ​តុបតែង​លំនៅដ្ឋាន ចិញ្ចឹមសត្វ និង​ដាំ​ដុះ​បន្លែ ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទទួលយក​រង្វាន់

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​ខេត្ត នា​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បាន​អំពាវនាវ​ដល់​អតីតយុទ្ធជន និង​គ្រួសារ ត្រូវខិតខំ​រៀបចំ​តុបតែង​លំនៅដ្ឋានរៀងៗខ្លួន ឱ្យបាន​ស្អាត​ល្អ ព្រមទាំង​បន្ត​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដំណាំ​កសិកម្មផ្សេងៗ នៅ​លើដី​អំណោយផល​ខ្ពស់​នេះ​ឱ្យបាន​ច្រើន ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ចូលរួម​ប្រឡងប្រណាំង​ទទួលយក​រង្វាន់ ដែល​នឹង​ផ្តល់ជូន​តាមរយៈ​ឯកឧត្តម​ផ្ទាល់ ក្នុងពេល​ខាងមុខ។

ការ​អំពាវ​របស់​ឯកឧត្តម ម៉ៅ ធនិន បាន​ធ្វើឡើង​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​ស្បៀងអាហារ ដើម្បី​ជួយ​ទ្រទ្រង់​ការរស់នៅ របស់​អតីតយុទ្ធជន​ក្រីក្រ និង​ពិការភាព ចំនួន១០៥គ្រួសារ ដែល​បាន​ចូលមក​រស់នៅ​ក្នុងផ្ទះ​សាងសង់​រួច នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច ស្ថិត​ក្នុងភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បាន​បន្ថែមថា ទន្ទឹមនឹង​ការអំពាវនាវ​ខាងលើ ឯកឧត្តម​ក៏មាន​គម្រោង​រៀបចំ​ទីផ្សារ​កសិផល​មួយ​នៅទីនេះ ដែល​តម្រូវឱ្យ​គ្រួសារ​បងប្អូន​អតីតយុទ្ធជន​យើង ធ្វើ​ការដាំដុះ​បន្លែ​សុវត្ថិ​ភាពជាក្រុមៗ ដើម្បី​មានលទ្ធភាព​ផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន និង​ឈានទៅ​ផ្គត់ផ្គង់ សម្រាប់​ទីផ្សារ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត។

ឯកឧត្តម​បានលើកឡើង​ថា ទីតាំង​សម្បទាន​ដី​សង្គមកិច្ច (ដី​កសិកម្ម និង​លំនៅដ្ឋាន)ខាងលើនេះ គឺជា​ការគិតគូរ​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​អតីតយុទ្ធជន​យើង ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ពលី​កម្ម​ជូន​ជាតិ​មាតុភូមិ រហូត​ទទួលបាន​សុខសន្តិភាព​មកដល់​ស​ព្វ​ថ្ងៃ។

ជាការ​ពិតណាស់ថា ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់ជូន​បងប្អូន​អតីតយុទ្ធជន​យើង​ម្តង​រួចមកហើយ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​លំនៅដ្ឋាន និង​ដី​កសិកម្ម ទំហំ​៧០x១៥០ម៉ែត្រ។ ជាមួយគ្នា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមទាំង​សប្បុរសជន ក៏បាន​ទទួល​រ៉ាប់រង​ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ដែល​ខ្វះខាត និង​មាន​ពិការភាព​ទាំង ៦២៨គ្រួសារ​នេះ​ផងដែរ។ បច្ចុប្បន្ន​ផ្ទះ​បាន​សាងសង់​រួចរាល់ ចំនួន១២៨ខ្នង​ហើយ ក្នុងនោះ ៥០ខ្នង ត្រូវបាន​ប្រគល់-ទទួល ជំហាន១ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។

ឯកឧត្តម​បាន​បន្តថា សម្ដេច​ទាំង​ទ្វេរ​តែងតែ​ក្រើនរំលឹក​មក​រូប​ឯកឧត្តម​ផ្ទាល់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ត្រូវ​ចុះ​ជាប់​ជាប្រចាំ ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​រៀបចំ​លំនៅដ្ឋាន​ជូន​ពួកគាត់ ឱ្យមាន​សព្វគ្រប់​បែបយ៉ាង ដូច​លំនៅដ្ឋាន​យើង​រស់នៅ​សព្វថ្ងៃ។

ឯកឧត្តម​បាន​បន្ថែមទៀតថា បើទោះបីជា​ទីតាំង​លំនៅ​ថ្មី ដែលជា​ជម្រក​កក់ក្តៅ​របស់​អតីតយុទ្ធជន នៅ​ទីតាំង​នេះ មិនទាន់​រៀបចំ​រួចរាល់​ជា​ស្ថាពរ​ក្តី តែ​ក៏មាន​គ្រួសារ​អតីតយុទ្ធជន បាន​ចូលមក​រស់នៅ និង​ធ្វើ​ការដាំដុះ​ជាបណ្តើរៗ ជាក់ស្តែង​នា​ថ្ងៃនេះ​មាន​ចំនួន១០៥គ្រួសារ បានមក​ទទួល​ស្បៀងអាហារ ដើម្បី​ជួយ​ទ្រទ្រង់​ការរស់នៅ ពី​សំណាក់​ឯកឧត្តម​ផ្ទាល់ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស និង​ទឹកស៊ីអ៊ីវ ឬ​ទឹកត្រី១យួរ។ ការផ្តល់ជូន​នេះ​មាន​រយៈពេល១ឆ្នាំ​ពេញ គឺ​ដើម្បី​ធានាថា ក្រុមគ្រួសារ​អតីតយុទ្ធជន​នឹងមិន​ជួប​ការខ្វះខាត​ក្នុង​ជីវភាព ខណៈដែល​ពួកគាត់ កំពុង​មមាញឹក​ក្នុងការ​រៀបចំផ្ទះ​សម្បែង និង​ដាំ​ដុះ​ដំណាំផ្សេង។

ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​ផ្ទះ និង​ត​បណ្តាញ​អគ្គិសនី ព្រមទាំង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដែល​កំពុង​សាងសង់​មណ្ឌល​សុខភាព និង​សាលារៀន ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ ឱ្យបាន​លេចចេញ​ជា​រូបរាង​ឡើង ក្នុងពេល​ដ៏​ខ្លី៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព