អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ការបង្រៀន និង​ការរៀន និង​ការធ្វើ​តេស្ត​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​អង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ការបង្រៀន និង​ការរៀន ព្រមទាំង​ការធ្វើ​តេស្ត​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅ​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរ អប់រំ​យុវជន យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថា មន្ទីរ​បានធ្វើ​ការបណ្តុះ​បណ្តាល​បច្ចេកទេស ICT ដល់​លោកគ្រូ អ្នកគ្រូ​នៅតាម​សាលា​បណ្តាញ​ទាំង១០២ នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្រៀន​តាម​ប្រព័ន្ធ Online តាម​ស្របតាម​បរិបទ​នៃ​ជំងឺ​កូ​វីដ-១៩ ។

សូមបញ្ជាក់​ជូន​ផងដែរ​ថា​កន្លងមក ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​នៃ​ការបង្រៀន​តាម​ប្រព័ន្ធ Online របស់លោក​គ្រូ អ្នកគ្រូ និង​ការរៀន​របស់​សិស្ស​នៅ​វិទ្យាល័យ​ហ៊ុន សែន ស្ទឹងហាវ និង វិទ្យាល័យ ហ៊ុន សែន វាលរេញ រួចមកហើយ ដោយ​ព្រឹក​នេះ​បន្ត​ចុះ​ត្រួតពិនិត្យ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលជា​សាលា​បណ្តាញ​មេ​ទាំងបី​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ការជួយ​បណ្តុះបណ្តាល​ប​ច្ចក​ទេស ICT ដល់​លោកគ្រូ អ្នកគ្រូ សម្រាប់​សាលា​ទាំង១០២ ក្នុង​ខេត្ត​ព្រះសីហនុ។

ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ការកោតសរសើរ​លោកស្រី​ប្រធាន មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​ថ្នាក់ដឹកនាំ​ទាំងអស់ ពិសេស​សាលា​មេ​បណ្តាញ​ទាំងបី ដែល​បាន​ជួយ​បណ្តុះបណ្តាល​ចែករំលែក​បទពិសោធន៍ នៃ​ការបង្រៀន​ដល់​សាលា​ទាំង១០២ ក្នុង​ខេត្ត​ព្រះសីហនុ។ ទន្ទឹមនឹងនេះ​ឯកឧត្ដម​អភិបាលខេត្ត ពិត​ជាមាន​មោទនភាព​ដោយ​បានឃើញ​ចំនួន​សិស្ស​ចូលរៀន​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ មាន​ចន្លោះ​ពី៣០ ទៅ៥០នាក់ ដែល​បញ្ជាក់ថា​សិស្សានុសិស្ស​មានការ​យល់​ដឹង និង​បាន​ចូលរៀន​តាម​ប្រព័ន្ធ Online កាន់តែច្រើន។ ដូច្នេះ​លោកគ្រូ អ្នកគ្រូ ត្រូវ​បន្ត​ជម្រុញ​លើកទឹកចិត្ត​សិស្ស​ឱ្យ​ចូលរៀន​កាន់តែ​ច្រើនឡើង​បន្ថែមទៀត ដោយ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ក្នុងការ​លើកកម្ពស់​ចំណេះដឹង​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា ស្របតាម​បរិបទ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១។ ដោយឡែក​ចំពោះ​ការរៀន​តាមបែប​ប្រពៃណី ត្រូវធ្វើ​ការកែលម្អ ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​សហគមន៍​របស់​យើង។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ ឱ្យ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ជួយ​ជម្រុញ​កូនចៅ​ឱ្យ​រៀន​តាម​ប្រព័ន្ធ Online និង​ការ​ត្រៀមប្រឡង​តេស្ត​តាមបែប​ថ្មី តាម Google Form ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់​សាលា​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ៕

#អរគុណសន្តិភាព