ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំមួយ តាមប្រព័ន្ធ Video Conference  ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។

ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារដែលយើងកំពុងប្រឈម។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ឲ្យប្រទេសទាំងអស់ក្នុងសកលលោកងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម ជាពិសេសប្រទេសក្នុងតំបន់ខ្យល់មូសុងព្រោះថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសសមាជិកអាស៊ាន។ ហេតុដូច្នេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មជាមួយប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការជួយដល់ប្រទេសដែលពឹងផ្អែកលើផលិតកម្មកសិកម្មជាចំបង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្មទំនើប។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម Nogami Kotaro ដែល ជាអ្នកផ្តួចផ្តើមរៀបចំសេចក្តីថ្លែងការណ៍រួមនេះឡើង។ សម្រាប់ជំហររបស់ភាគីកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជាសូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០ ដែលបានដាក់ចេញនូវគោលនយោបាយ ៖ ១- ជំរុញផលិតកម្មកសិកម្ម ២- បង្កើនប្រសិទ្ធភាព និងមានភាពប្រកួត ប្រជែង ៣- ការបង្កើនផលិតកម្មកសិកម្មដោយគិតគូរដល់និរន្តរភាពបរិស្ថាន។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះក៏បានសម្តែងនូវឆន្ទ:គាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី Nogami Kotaro ក៏បានបញ្ជាក់ផងដែរថា លោកនឹងថ្លែងសេចក្តីថ្លែងការណ៍រួមស្តីពី “និរន្តរភាពផលិតកសិកម្ម និងប្រព័ន្ធស្បៀងអាហារ” នេះនៅក្នុងកិច្ចប្រជុំត្រៀមមហាសន្និបាតកំពូលពិភពលោក (Pre-Summit on Food System) នៅក្នុងខែកញ្ញា ២០២១ នៅទីក្រុងរ៉ូម ប្រទេសអុីតាលី។

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.