ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុករតនមណ្ឌល

នៅថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ដែលរាជរដ្ឋាភិបាល បានសម្រេចតែងតាំងលោក គុយ វណ្ណូ ឋានន្តរស័កក្តិឧត្តមមន្រ្ដីថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ជំនួសលោក ឥន្ទ សៅឫទ្ធិ អតីតអភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ដែលបានចូលនិវត្តន៍។

ក្នុងនោះ លោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ដែលទើបតែតែងតាំងមុខតំណែងថ្មី បានឡើងអាននូវសេចក្ដីប្ដេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងកាអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្ដេជ្ញាចិត្តក្នុងការបម្រើជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយបន្តការថែរក្សាសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម នៅមូលដ្ឋានស្រុកផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោក គុយ វណ្ណូ ត្រូវតែមានការសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្ដាមន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ។

ឯកឧត្តម បានបន្តទៀតថា បើទោះបីជាមានការផ្លាស់ប្ដូរមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកថ្មីក៏ដោយ តែដំណើរការនៃសកម្មភាពការងារគឺនៅបន្ត ពោលគឺរដ្ឋបាលស្រុក ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងន័យបម្រើសេវាប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ គ្រប់គ្រងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កឡើងដោយការញុះញ៉ុង អុចអាល ក្នុងន័យបំផ្លិចបំផ្លាញសុខសន្ដិភាពប្រជាពលរដ្ឋ ដោយរដ្ឋបាលស្រុកត្រូវធ្វើការបកស្រាយព័ត៌មានពិតជូនប្រជាពលរដ្ឋ បើសិនបើមានសកម្មភាពខាងលើកើតឡើង។

ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យរដ្ឋបាលស្រុក បន្តតាមដាន និងយកចិត្តទុកដាក់ឲ្យបានខ្លាំងទៅលើការហូរចូលមកនូវពលករដែលមកពីប្រទេសថៃ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាពិសេសគឺកូវីដ-១៩ប្រភេទ Delta ដែលកំពុងតែផ្ទុះខ្លាំងនៅឯប្រទេសថៃ ហើយរដ្ឋបាលស្រុកត្រូវរៀបចំឲ្យបានរួចជាស្រេច ទាំងសម្ភារៈ ទាំងឧបករណ៍ ទីកន្លែងចត្តាឡីស័ក និងព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ ដើម្បីកុំឲ្យមានភាពយឺតយ៉ាវ ធ្វើឲ្យយុទ្ធនាការនៃការទប់ស្កាត់ជំងឺនេះទទួលបរាជ័យ បង្កឲ្យមានការផ្ទុះជាសហគមន៍ធ្ងន់ធ្ងរ៕

#អរគុណសន្តិភាព