ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័កមួយកន្លែងក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖  រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្នងការរងនគរបាលខេត្ត។

អាគារសម្រាប់ទទួលពលករខ្មែរធ្វើចត្តាឡីស័កនេះ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានចំនួនពីរអគារ ដោយអគារទី១.សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចត្តាឡីស័ក។ អគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយអគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវិជ្ជមានកូវីដ-១៩ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មី(Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា ក្នុងនោះឯកឧត្តមបានជូនពរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ឱ្យបំពេញការងារទទួលបានជោគជ័យ និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

#អរគុណសន្តិភាព