អភិបាលរាជធានីប្រកាសឱ្យគ្រឹះស្ថានរដ្ឋនិងឯកជន អាចបើកដំណើរការសិក្សាឡើងវិញចាប់ពីថ្ងៃ១៥ខែកញ្ញាតទៅ

ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសឱ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អាចបើកដំណើរការ ឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ។

ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមប្រពន្ធវីដេអូ ជាមួយ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាលនិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី ០៩ខែកញ្ញាឆ្នាំ ២០២១នេះនៅសាលារាជធានីភ្នំពេញ ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃស្អែកទី ១០ខែកញ្ញានេះតទៅ ។

បើអនុវត្តន៍តាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។ ឯកឧត្ដមបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការ សិក្សាជាធម្មតាឡើងវិញ ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះគឺជាជំហានដំបូងមួយនៃការបើកឲ្យដំណើរការឡើងវិញ នូវវិស័យផ្សេងៗ ទៀតមានន័យថា បើការបើកឲ្យដំណើរការការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញ នូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ការបើកសាលារៀនទាំងឯកជននិងរដ្ឋ ឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីថ្នាក់ទី០៩ ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូរពីថ្នាក់មត្តេយ្យសិក្សានិងបឋមសិក្សាបន្តទៀត ៕

Leave a Comment

Your email address will not be published.