សម្តេចតេជោហ៊ុនសែនបញ្ជាក់ថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពី របៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបាន ពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» ។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍន៍ លើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន ។

សម្តេចតេជោ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនង ដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន ។

សម្តេចតេជោ បញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន ។

«ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយ ភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ។ លើសពីនេះទៀត, ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរ ពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាច ជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត »៕

Leave a Comment

Your email address will not be published.