គ.ជ.ប នឹងធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតឆ្នាំ២០២១នៅខែក្រោយនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោតនេះ ផ្តោតលើការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។ ជាមួយគ្នានេះ ក៏នឹងធ្វើការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ព្រមទាំងចុះឈ្មោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបដល់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី។

គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់ទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទៅតាមពេលវេលាដែលបានកំណត់ខាងលើ ដើម្បីធានាបាននូវឈ្មោះក្នុងបញ្ជីបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប គឺមានប្រជាពលរដ្ឋខ្មែរប្រមាណជាង១លាន៦៣ម៉ឺននាក់ ត្រូវចុះឈ្មោះថ្មី ក្នុងនោះយុវជនទើបគ្រប់អាយុ១៨ឆ្នាំ មានជាង១៨ម៉ឺននាក់ និងអ្នកពុំធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុនមកជាង១លាន៣៧ម៉ឺននាក់។ ទន្ទឹមគ្នានោះ ក៏គ្រោងលុបឈ្មោះចេញពីបញ្ជីចំពោះអ្នកដែលបានទទួលមរណភាព អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ទៅឃុំសង្កាត់ផ្សេងជាង៨៣ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ចំនួនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគិតត្រឹមឆ្នាំ២០២០ មានសរុបជាង៨លាន៨៣ម៉ឺននាក់៕

Leave a Comment

Your email address will not be published.