ចូរប្រុងប្រយ័ត្ន! ផ្លូវ៤ខ្សែក្នុងខេត្តរងការខូចខាតធ្ងន់ធ្ងរ ដោយសារ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តព្រះវិហារ

កំណាត់ផ្លូវ ៤ខ្សែ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានរងការខូចខាតធ្ងន់ធ្ងរ និងជាអន្លើៗ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ហូរច្រោះកាត់ផ្តាច់ ជន់លិច ក្លាយជាជង្ហុក ជាច្រើនកន្លែងច្រើនថ្ងៃកន្លងមក និងរហូតមកដល់ពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់។

រីឯមន្ត្រីជំនាញ នៃមន្ទីរសាធារណការខេត្ត នឹងធ្វើការជួសជុល ថែទាំឡើងវិញ ក្រោយស្ថានភាពទឹកភ្លៀងស្រកចុះអស់ទៅវិញ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជាច្រើនថ្ងៃកន្លងមក និងរហូតមកដល់ពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា បានបង្កឲ្យផ្លូវជាតិ លេខ៩៥ លេខ៩៤ លេខ៩២ និងផ្លូវខេត្តលេខ 2pvh4 ត្រូវបានទឹកហូរកាត់ជន់លិច និងច្រោះដីក្លាយជាជង្ហុកជាអន្លើៗ និងដោយកន្លែងផ្សេងៗពីគ្នា។

លោកសំ លាងទ្រី បានបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ លោកបានចាត់ឲ្យក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរឆ្លងកាត់ បានដឹង និងមានការប្រុង ប្រយ័ត្ន ដោយក្នុងនោះ ក្រុមការងារមន្ទីរ បានដោតបង្គោល និងមែកឈើធំៗ នៅចំកន្លែងដែលរងការខូចខាតទាំងអស់ ហើយមន្ទីរសាធារណការខេត្ត នឹងធ្វើការជួសជុល កែលម្អកែសម្រួលឲ្យបានល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានស្រកចុះអស់ទៅវិញ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានថ្លែងឲ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំង អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ ,មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ក្នុងការជួសជុល និងធ្វើការថែទាំជាប្រចាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដែលការអនុវត្តន៍នោះ មិនគិតពីរដូវប្រាំង ឬរដូវវស្សានោះទេ ធ្វើយ៉ាងណាមិនឲ្យមានជង្ហុក និងផ្លូវសំបុកមាន់ ដែលបង្កការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះឡើយ។

លោកសំ លាងទ្រី បានបញ្ជាក់ថា នៅក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំនេះ មន្ទីរសាធារណការខេត្ត បានដាក់ក្រុមការងារប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅតាមគោលដៅសំខាន់ៗ ដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងគ្រាដែលមានគ្រោះធម្មជាតិ ឬគ្រោះទឹកជំនន់ ដែលកើតឡើងជាយថាហេតុណាមួយ នៅក្នុងមូលដ្ឋាននោះ។

លោកសំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរឆ្លងកាត់ នៅលើដងផ្លូវទាំង ៤ ក្នុងភូមិសាស្ត្រខេត្តខាងលើនោះ គ្រាដែលក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនទាន់បានជួសជុលឡើងវិញ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ដែលជាឧបសគ្គក្នុងការជួសជុល និងថែទាំ ហើយមន្ទីរនឹងខិតខំកែសម្រួលឲ្យប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ៕

Leave a Comment

Your email address will not be published.