អាជ្ញាធរក្រុងបានលុង និងក្រុមការងារកងពលតូចលេខ៧០ ចុះបាញ់សម្លាប់មេរោគកូវីដ

អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី បានសហការជាមួយយក្រុមការងាររបស់កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅទីតាំងចំនួន៤កន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លោក ងិន ណែល អភិបាលក្រុងបានលុង បានឱ្យដឹងថា ទីតាំងចំនួន៤កន្លែងនោះ រួមមាន៖

ទី១៖ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ។
ទី២៖ ផ្សារបានលុង។
ទី៣៖ វិទ្យាល័យអន្តេវាសិកដ្ឋានបានលុង នៅភូមិថ្មដាសង្កាត់បឹងកន្សែង ក្រុងបានលុង។
និងទី៤៖ សាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកអភិបាលក្រុង បានបន្តថា ការយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នាថ្ងៃនេះដែរ គឺមានគោលបំណងកាត់ផ្ដាច់នៅខ្សែរយៈមេរោគដ៏កាចសាហាវនេះ ដែលមានផ្ទុះនៅក្នុងតំបន់មួយចំនួនក្នុងទឹកដីខេត្តរតនគិរី ជាពិសេសដូចជាផ្សារក្រុងបានលុង និងវិទ្យាល័យ អនុវិទ្យាល័យ ដែលកន្លងមកកន្លែងទាំងអស់នេះ គឺជាកន្លែងដែលមានការធ្វើតេស្តយកសំណាក់រកមេរោគកូវីដ១៩។ ជាងនេះទៅទៀត គឺជាការត្រៀមទុកជាស្រេច ដើម្បីសិស្សានុសិស្សបានចូលសិក្សានៅពេលឆាប់ៗខាងមុខនេះ។

លោក ងិន ណែល ក៏បានបញ្ជាក់បន្ថែមទៀតថា ខេត្តរតនគិរី ជាពិសេសទីក្រុងបានលុង ដែលជាបេះដូងខេត្ត បានផ្ទុះវីរុសកូវីដ១៩ ក្នុងសហគមន៍ចំនួន២លើកហើយហេតុដូចនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរៀបចំទប់ស្កាត់ យ៉ាងម៉ឺងម៉ាត់ និងនៅតែបន្តផ្សព្វផ្សាយបញ្ជ្រាបទៅតាមគោលដៅទីប្រជុំជន ឬសហគមន៍នានា នៅក្នុងខេត្តជាប្រចាំ។

លោកអភិបាលក្រុងក៏បានសំណូមពរ តាមរយៈការផ្សព្វផ្សាយសូមឱ្យប្រជាពលរដ្ឋទាំងអស់គោរពនូវវិធានសុខាភិបាលគឺ «៣កុំ និង៣ការពារ» ឱ្យបានគ្រប់គ្នាដើម្បីបញ្ចៀសនៃការឆ្លងពីសហគមន៍មួយ ទៅសហគមន៍មួយ និងឆ្លងចូលក្នុងសហគមន៍ គ្រួសារផងដែរ៕