សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ខ្លោងទ្វារតាកាវជួសជុលសម្រេចលទ្ធផលបានប្រមាណ ៣០ហើយ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

សៀមរាប៖ អ្នកជំនាញអាជ្ញា ធរជាតិអប្សរា កំពុងមមាញឹក ក្នុងការងារជួសជុលខ្លោងទ្វារតាកាវ ដើម្បីពង្រឹងរចនា សម្ព័ន្ធខ្លោងទ្វារឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោកស្រី គឹម សេងភក្តី អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយ សារកត្តាអាយុកាល អាកាស ធាតុ ដើមឈើ បានធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វារតាកាវបានរងការខូចខាតជាខ្លាំង ក្នុងន័យលើកតម្លៃ និងថែរក្សាប្រាសាទបុរាណឱ្យនៅគង់វង្សយូរអង្វែង ក្រុមការងារនៃអាជ្ញា ធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមក ដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ៣០ ភាគរយហើយ ខណៈដំណើរ ការជួសជុលខ្លោងទ្វារតាកាវនេះ ត្រូវចំណាយពេលវេលាចំនួន២ឆ្នាំទើបរួចរាល់។

លោកស្រីបន្តថា ដំណើរការជួសជុលពង្រឹងឡើងវិញខ្លោង ទ្វារតាកាវ ត្រូវបានអនុវត្តចំនួន ៤ចំណុចធំៗ រួមមាន ការងារជួសជុលរូបដំរីអាទិទេពជ្រុងនិរតី និងជ្រុងពាយ័ព្យ បង្កាន់ ដៃរូបទេវតា និងបង្កាន់ដៃអសុរៈ(យក្ស)។

លោកស្រីបន្តទៀតថា បញ្ហាប្រឈមខ្លះៗ ដែលក្រុមការងារជួបប្រទះ ក្នុងដំណើរការជួសជុលមានដូចជា រូបដំរី ឬសំណង់ផ្សេងៗ ត្រូវបានបែកបាក់ជាបំណែកតូចៗស្ទើរទាំងស្រុង ពិបាកក្នុងការរកផ្គុំថ្មឡើងវិញ ដោយត្រូវប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបែកបាក់ ពុកផុយឬបាត់រកមិនឃើញ។

សំឡេង៖ការជួសជុលខ្លោង ទ្វារតាកាវនេះ យើងចាប់ផ្តើមការងារធំៗ គឺជួសជុលដំរីសងខាង ជ្រុងនិរតី និងជ្រុងពាយ័ព្យ និងផ្នែកបង្កាន់ដៃទេវតា និងបង្កាន់ដៃអសុរៈ (យក្ស)បានប្រហែល៣០ភាគ រយហើយ ការជួសជុលខ្លោង ទ្វារតាកាវនេះ យើងនៅសល់ផ្នែកកំពូល ខ្លោងទ្វារខាងលើ ទី១យើងត្រូវការពង្រឹងរចនា សម្ព័ន្ធដំរីសងខាងជ្រុងនិរតី និងជ្រុងពាយ័ព្យឱ្យបានរឹងមាំសិន យើងពង្រឹងសងខាងហើយបានបកទៅកំពូលខ្លោង ទ្វារ ផលពិបាកនៃការជួស ជុល ដូចដំរីនៅជ្រុងពាយ័ព្យវាសឹងតែថ្មខ្ទេចខ្ទីទាំងអស់ មានបំណែកតូចៗច្រើន អ៊ីចឹងពេលយើងផ្គុំសាកល្បងឡើង វិញ ថ្មខ្លះយើងមិនអាចជួស ជុលឡើងវិញបានទេដោយ សារ វាបែកជាបំណែកតូចៗយើងមិនអាចពង្រឹងទៅជាប់ទេ បើយើងពង្រឹងវាមិនអាចជាប់បានយូរទេ អាចជាប់ឥឡូវតែវាអាចរបេះមកថ្ងៃ ក្រោយ ដូច្នេះថ្មនេះខ្លះយើងអាចជំនួសថ្មភក់ថ្មី។

សូមជម្រាបផងដែរថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ស្ថិតនៅទិសខាងលិចនៃប្រាសាទ បាយ័ន ។ខ្លោងទ្វារនេះ ត្រូវបានសាងសង់ឡើង នាចុងសតវត្សរ៍ទី១២ ដោយព្រះ បាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន។ ដោយសារកត្តាអាយុកាល អាកាសធាតុ សង្គ្រាម និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជា ច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង ៤ បានរងនូវការខូចខាតជាខ្លាំង៕