សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្រុងសៀមរាបសម្រេចបាន៧៥ភាគរយ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកូម៉ៃ ឬផ្លូវ WN-03 ក្រុមការងារសាងសង់ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាននឹងកំពុងបន្តក្រាលកៅស៊ូបេទីម ដើម្បីធ្វើតេស្ត និងពិនិត្យលើគុណភាពល្បាយកៅស៊ូ ខណ:មានភ្លៀវធ្លាក់ខ្លាំងក្នុងក្រុងសៀមរាប ស្ទើររៀងរាល់ថ្ងៃ នៅសប្ដាហ៍ចុងក្រោយនេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

យោងតាមរបាយការណ៍ វឌ្ឍនភាព ស្ដីពីគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បង្ហាញថាដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង ៧៥% ក្នុងនោះការងារសាងសង់ផ្លូវដំណើរការបាន ជិត ៧៦% ការងារសាងសង់ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង សម្រេចបានជាង ៩៧% និងការរៀបចំប្រព័ន្ធបណ្ដាញ តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងសញ្ញាចរាចរណ៍ ដោយជីកកប់នូវបំពង់សម្រាប់រត់ខ្សែអគ្គីសនី និងប្រព័ន្ធបណ្ដាញទិន្នន័យ សម្រេចបាន ៥៥ភាគរយ។

តាមរបាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរនូវបញ្ហាមួយចំនួន ដែលបាននឹងកំពុងបង្កឱ្យប៉ះពាល់ដល់ដំណើរការសាងសង់គម្រោងខាងលើរួមមាន ការរាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត កើនឡើងច្រើន ផលរំខានដោយអាកាសធាតុដោយសារមានភ្លៀងធ្លាក់ច្រើន ការដ្ឋានប៉ះពាល់ដល់ការរស់នៅ និងប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការធ្វើចរាចរណ៍មមាញឹក ប៉ះពាល់ដើមឈើធំៗ ដែលមានអាយុកាលវែង។ល។

គួរជម្រាបថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក និងប្រើប្រាស់រយ:ពេលសាងសង់ ១៣ខែ៕