ឯកឧត្តម Wang Yi ៖ មិត្តភាពចិន-កម្ពុជារឹងជាងដែក មាំជាងថែប

ភ្នំពេញ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ ក្រោយពីកិច្ចជំនួបពិភាក្សារវាងឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានបន្តជួបជាមួយសារព័ត៌មាន។

ឯកឧត្តម Wang Yi មានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដែកថែបនិងជាប្រទេសជិតខាងល្អរបស់ចិន។

នេះគឺជាដំណើរទស្សនកិច្ចម្ដងទៀតរបស់ឯកឧត្តមផ្ទាល់មកកាន់ប្រទេសកម្ពុជាបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩។

បរិបទគឺក្រោមការវិវត្តនៃស្ថានភាពពិភពលោកដែលមានការប្រែប្រួលយ៉ាងខ្លាំងពុំធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ ការរីករាលដាលដ៏កាចសាហាវនៃជំងឺវីរុសក៏ពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍នេះ។

គោលបំណងគឺដើម្បីបញ្ជូនសារសញ្ញាយ៉ាងច្បាស់មកកាន់កម្ពុជាថាចិនយកចិត្តទុកដាក់ខ្ពស់និងគាំទ្រមិត្តចាស់ និងបង្ហាញពីសម្លេងដ៏មានឥទ្ធិពលទៅកាន់ពិភពលោកអំពីកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសដែលរួមកម្លាំងគ្នាដោយចិននិងកម្ពុជា ពន្លឿនការស្ដារឡើងវិញនៃសេដ្ឋកិច្ច និងរក្សាយុត្តិធម៌លើឆាកអន្តរជាតិ។

ឯកឧត្តម Wang Yi បានសង្កត់ធ្ងន់ថា កម្ពុជាមិនខ្លាចអំណាចគៀបសង្កត់និងការគំរាមកំហែង បង្ហាញយ៉ាងច្បាស់អំពីលក្ខណៈពិសេសនៃជាតិដ៏រឹងមាំ។

ភាគីចិនមានឆន្ទៈបន្តគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរជាតិ គាំទ្រយ៉ាងខ្លាំងជូនចំពោះកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន និងគាំទ្រដល់ភាគីកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

រូបលោកនិងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនបានពិភាក្សាការងារប្រកបដោយផ្លែផ្កាជាច្រើនអនេក និងបានកំណត់កុងសុងស៊ីសចំនួន៦។

១ គឺការអនុវត្តកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំ ជួយគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងអត្ថប្រយោជន៍ស្នូលរបស់ភាគីទាំងពីរ។

ភាគីចិននឹងគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជាអនុវត្តគោលនយោបាយ ជួយភាគីកម្ពុជាការពារស្ថានភាពនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។

២ គឺបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺវីរុស រួមកម្លាំងលុបបំបាត់បញ្ហា“កង្វះវ៉ាក់សាំង”។ ប្រឆាំងដាច់ខាតនូវទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ ប្រឆាំងប្រទេសណាដែលបំភាយមេរោគនយោបាយ និងប្រឆាំងការបំបែកបំបាក់កិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសលើពិភពលោក។

៣ គឺការកសាង“ខ្សែក្រវាត់និងផ្លូវ”ដែលមានគុណភាពខ្ពស់ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម និង5Gជាដើម។

ជួយកម្ពុជាពន្លឿនដំណើរការនៃការធ្វើឧស្សាហូបនីយកម្ម ពង្រីកការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា អនុវត្តគម្រោងសំខាន់ៗប្រកបដោយស្ថិរភាពមានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាដើម។

 

៤ គឺប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលយកប្រជាជនជាធំ ធ្វើឱ្យកិច្ចសហប្រតិបត្តិការមិត្តភាពចិននិងកម្ពុជាផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រជាជនទាំងពីរ។ ភាគីចិននឹងបង្កើនជំនួយកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជូនដល់កម្ពុជា ពង្រឹងទំនាក់ទំនងមនុស្សសាស្រ្តនៃភាគីទាំងពីរ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពប្រទេសទាំងពីរ។

៥ គឺរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងទំនាក់ទំនងរវាងចិន-អាស៊ានថែមមួយកម្រិតទៀត ពន្លឿនការផ្ទៀងផ្ទាត់រវាង“របៀងថ្មីពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រ”និងក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ឡានឆាង-មេគង្គ គាំទ្រការបោះជំហានទៅមុខឥតឈប់ឈរនៃដំណើររួមបញ្ចូលគ្នាក្នុងតំបន់។

៦ គឺពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និយាយថាទេចំពោះអំណាចនយោបាយគៀបសង្កត់ ប្រយុទ្ធប្រឆាំងជាមួយទង្វើគំរាមកំហែង រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ រក្សាយុត្តិធម៌និងសច្ចធម៌អន្តរជាតិ ការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។

ឯកឧត្តម Wang Yi បានបង្ហាញថា មិត្តភាពចិននិងកម្ពុជាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មីនិងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅក្នុងប្រវត្តិសាស្រ្តការទូតរបស់យើង យើងពិភាក្សាយោបល់ដោយស្មើភាពគ្នានិងគោរពគ្នាទៅវិញទៅមក មិនដែលធ្វើចំណាត់ថ្នាក់ដោយផ្អែកលើប្រទេសធំឬតូច។ ក្នុងកិច្ចសហប្រតិបត្តិការមិនមានភ្ជាប់ជាមួយលក្ខខណ្ឌនយោបាយ និងមិនបើក“សែកស្អុយ”។ ប្រឆាំងនឹង“អ្វីដែលនិយាយហើយតែមិនធ្វើ”។

យើងទាំងអស់គ្នាយល់ថា ជោគវាសនាមនុស្សជាតិមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយផលប្រយោជន៍នៃបណ្ដាប្រទេសទាំងអស់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ គួរស្មោះត្រង់គ្នាទៅវិញទៅមក អភិវឌ្ឍន៍រីកចម្រើនជាមួយគ្នា។

យើងរីករាយសហការជាមួយប្រជាជនកម្ពុជាដែលជាបងប្អូនរបស់ចិន ជំរុញកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរលើគ្រប់វិស័យ ធ្វើឱ្យចំណងមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប រួមចំណែកកាន់តែធំធេងសម្រាប់ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសរៀងៗខ្លួន៕