ឯកឧត្តម ថោង ខុន៖ អ្នកបម្រើការទេសចរណ៍ទាំងអស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ទើបអាចអនុញ្ញាតឱ្យចូលបម្រើការងារ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ។ ដែលប្រការនេះគឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបានសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរបរទេសឡើងវិញនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរ ណ៍នៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ហើយអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ទើបអាចអនុញ្ញាតឱ្យចូលបម្រើការបាន ។ ដោយឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ប្រសិនបើអ្នកបម្រើការក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍-គោលដៅទេសចរណ៍ បានចាក់វ៉ាក់សាំងរួចហើយ ហើយអ្នកទៅលេងក៏បានចាក់វ៉ាក់សាំងរួចហើយទៀត ដូច្នេះលទ្ធភាពនៃការឆ្លងគឺមានតិចតួច ។ ប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្ន ត្រូវតែអនុវត្តន៍តាមវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាល វិធានការសុវត្ថិភាពទេសចរណ៍ ពិសេសគឺអនុវត្តន៍តាមស្ដង់ដារ SOP នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឱ្យគ្រប់មន្ទីរទេសចរ ណ៍រាជធានី-ខេត្តទាំង២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តន៍ស្ដង់ដារ SOP ដល់ទីវត្តអារាម និងនៅតាមផ្សារសាធារណៈ ផ្សារទំនើបជាដើម ព្រោះថា រដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើចង្ហាន់ទៅវត្តអារាម ។ ដូច្នេះច្បាស់ជាមានការជួបគ្នា ដែលជាចំណុចមួយត្រូវតែអនុវត្តន៍ឱ្យបានហ្មត់ចត់ មិនមែនធ្វើតែគោលដៅទេសចរណ៍នោះទេ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវរៀនរស់ជាមួយកូវីដ មានន័យថា ប្រកបរបរអាជីវកម្ម ការងារប្រចាំថ្ងៃបានផង រួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះផង ដោយត្រូវតែអនុវត្តន៍តាមស្តង់ដារ SOP ព្រមទាំងវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាល រាល់ពេលទៅទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឬតំបន់ទេសចរណ៍ផ្សេងទៀត។

ដោយឡែក ប្រធានមន្ទីរទេសចរណ៍ទាំងអស់បានរាយការណ៍ថា ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ បានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ យ៉ាងតិចក៏២ដូសដែរ ។ ពិសេសប្រជាពលរដ្ឋនៅគ្រប់រាជធានី-ខេត្ត គឺចាក់សុទ្ធតែ២ដូសហើយ ចាប់ពី ៩០ភាគរយ ដល់ ១០០ភាគរយ មានតែ ៣-៤នាក់ប៉ុណ្ណោះ ដោយសារថា ពួកគាត់មានបញ្ហាសុខភាព។

ប្រធានមន្ទីរទេសចរណ៍មួយចំនួនក៏បានរាយការណ៍បន្ថែមទៀតថា ចំពោះខេត្តខ្លះ អ្នកដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើតេស្តរហ័ស ប៉ុន្តែប្រសិនបើមិនព្រមធ្វើតេស្តរហ័សនេះទេ គឺមិនអនុញ្ញាតឱ្យចូលទទួលទានអាហារ ឬស្នាក់នៅនោះឡើយ។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងហើយ គឺមានការលើកទឹកចិត្តបន្ថែមតាមរយៈការបញ្ចុះតម្លៃ ៥ភាគរយ ឬ ១០ភាគរយ ជាដើម៕