រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព

នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តអារញ្ញិការាម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ។

ពិធីនេះក៏មានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាល រដ្ឋបាលស្រុក ក្រុង ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ។

ឯឧត្តម ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍ថា ការចែកមួកសុវត្ថិភាពនាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជួនដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនូវការពាក់មួកសុវត្ថិភាព។ ជាការពិតណាស់រាជរដ្ឋាភិបាលពិតជាបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាព ក្នុងចំណោមប្រជាពលរដ្ឋ សិស្សានុសិស្ស សំដៅកាត់បន្ថយនិងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព

ឯកឧត្តម អភិបាលខេត្តបានបន្តថា ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ។ ដូច្នេះសូមកុំបើកបរដោយមិនពាក់មួកសុវត្ថិភាពឱ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏ដូចមន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀន ច្រើនដងរួចមកហើយដែរ ពេលនេះយើងនៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាពផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានលើកឡើងទៀតថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន រួមទំាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេ ដូចជា ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ឆ្នាំ ។ ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឱ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឱ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ក៏បានចែកមួកសុវត្ថិភាព មួយចំនួនជូន ដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកកំពុងធ្វើដំណើរ ដែលពុំមានឃើញពាក់មួកសុវត្ថិភាពផងដែរ៕