សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ រយៈពេល២៨ឆ្នាំ រដ្ឋសភាតែងបានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ រយៈពេល២៨ឆ្នាំ រដ្ឋសភាតែងបានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា រយៈពេល២៨ឆ្នាំកន្លងមក រដ្ឋសភា តែងបានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ចំនឹងខួបទី២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនិងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល ២៨ឆ្នាំ កន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋ នៅក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិ។ រដ្ឋសភាបានអនុម័តច្បាប់ជាច្រើន សំដៅឆ្លើយតបទៅ នឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ»

សម្ដេច ហេង សំរិន បានបន្ដថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានធ្វើឲ្យប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ «ព្រះរាជាណាចក្រកម្ពុជា» សារជាថ្មីឡើងវិញ ក្រោយពីយើងបានបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរី ជាសកលលើកទី១នៅឆ្នាំ១៩៩៣ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរបស់យើងរហូតមកដល់សព្វថ្ងៃនេះ។

សម្ដេច ហេង សំរិន បានបន្ថែមទៀតថា សូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ។

សូមបញ្ជាក់ថា ចំណុចសំខាន់ៗដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ជាដើម៕