លោកជំទាវ ម៉ែន សំអន ទទួលជួបអនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយសរសើររាជរដ្ឋាភិបាលកម្ពុជា ផ្ដល់វ៉ាក់សំាងកូវីដ-១៩ ឈានមុខគេនៅក្នុងអាស៊ាន

នៅក្នុងជំនួបពិភាក្សាដំបូងរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច ជាមួយ ឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង។

ឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ នៅកម្ពុជាថា ការផ្តល់វ៉ាក់សំាងប្រឆំាងជំងឺកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននិងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។

ឯកឧត្តម Andreas Zurbrugg បានជម្រាបជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីទៀតថា ឯកឧត្តម បានមកដល់កម្ពុជា រយៈពេល ៣ខែមកហើយ ហើយមានការចាប់អារម្មណ៍ខ្លាំងលើការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ។ បេសកកម្មរបស់ឯកឧត្តម គឺក្នុងនាមអ្នកជួយសម្របសម្រួលសហប្រតិបត្តការជាមួយកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូត។ ពិសេសក្នុងពេលកម្ពុជា កំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកម្រិតពិភពលោកជាច្រើននៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រាបជូនថា ការចាក់វ៉ាក់សាំងនេះ ជាជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាយុទ្ធសាស្ត្ររួចហើយ គឺជាការស្រោចវ៉ាក់សាំងជូនប្រជាជនកម្ពុជា ក្នុងគោលដៅ ១០លាននាក់  ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ និងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្ថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្តថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ធ្វើឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោបាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ ។

ទាក់ទងនឹងវ៉ាក់សាំងនេះដែរ ឯកឧត្តម Andreas Zurbrugg បានជម្រាបជូនលោកជំទាវ ម៉ែន សំអន ថា រដ្ឋាភិបាលអូស្ត្រាលី បានចំណាយថវិកាប្រមាណជា ៣៥លានដុល្លារលើគម្រោងមួយក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការសុខភាពពិភពលោក ។

ឯកឧត្តម Andreas Zurbrugg បន្តទៀតថា គម្រោងជំនួយវ៉ាក់សំាងកូវីដ-១៩នេះ គឺយើងមិនមែនតែទិញវ៉ាក់សំាងតែមួយមុខនោះទេ យើងជួយទូទៅលើលទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាលពេទ្យ ធ្វើយ៉ាងណាឱ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់សំាងឱ្យមានប្រសិទ្ធភាព ។ រដ្ឋាភិបាលអូស្ត្រាលីក៏បានគិតពិចារណា ទៅលើការបន្ថែមវ៉ាក់សំាងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ។ ព្រោះនៅកម្ពុជាយើងបានវ៉ាក់សំាងច្រើនណាស់ហើយ ចឹងវ៉ាក់សំាងថ្មីរបស់អូស្ត្រាលីមក ក៏ដូចជាវ៉ាក់សំាងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណា បន្ថែមពីលើនេះទៀត កំពុងធ្វើការជាមួយភាគីខាងលើ សំដៅធ្វើយ៉ាងណាឱ្យជនងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដូចជាកុមារ ឬស្ត្រីពិការ ជាដើមទទួលបានវ៉ាក់សាំង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងខាងលើ ទាក់ទងទៅនឹងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ ។ ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានការដោះស្រាយបញ្ហា លំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងប្រទេសវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់ ។

លោកជំទាវ បន្តទៀតថា រាជរដ្ឋាភិបាលយើងខ្ញុំបានព្យាករណ៍ថា ប្រសិនបើការឆ្លងជំងឺកូវីដ-១៩នេះមានការថយចុះ អត្រាស្លាប់ថយចុះ យើងនឹងឈានទៅបើកសេដ្ឋកិច្ចទូទំាងប្រទេសទ្បើងវិញ ពេលនោះស្រ្តីរបស់យើង កុមាររបស់យើង នឹងប្រកបមុខរបរ រកចំណូលបានវិញ ៕