កម្ពុជាបញ្ជាក់ជំហពាក់ពន្ធ័នឹងបញ្ហាការប្រែប្រួលអាកាសធាតុ ចំពោះតំណាងអង្គទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបប្រជុំពិភាក្សាជាមួយ ស្ថានទូត សហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយ លោកជំទាវ Carmen Morano ឯកអគ្គរដ្ឋទូត និងមានការចូលរួមពី ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោកស្រី Camilla Ottosson ភារធារីនៃស្ថានទូតស៊ុយអ៊ែត និងលោក Fabrice Etienne ភារធារី នៃស្ថានទូតបារាំង ។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតទៅលើទស្សនៈវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ សន្និសិទសហប្រជាជាតិលើកទី២៦ (COP26) ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងក្លាសហ្គូ ចក្រភពអង់គ្លេស។

លោកជំទាវ Carmen Morano បានថ្លែងកោតសសើដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ជូនលេខាធិការដ្ឋានUNFCCC នូវបច្ចុប្បន្នភាពផែនការស្តីពីការចូលរួម ចំណែក របស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC) នៅខែធ្នូ ឆ្នាំ ២០២០។ លោកជំទាវបានបន្តថា សហគមន៍អឺរ៉ុប យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសកំពុងក្នុងការរៀបចំផែនការរយៈពេលវែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការរក្សាសីតុណ្ហភាពសកលនៅត្រឹម ២ អង្សាសេ ។ ជាមួយគ្នានេះ លោកជំទាវក៍បានបញ្ជាក់អំពីប្រធានបទសំខាន់ ដែលត្រូវពិភាក្សា និងសម្រេចនៅក្នុង (COP26) ដែលរួមមាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានអាកាសធាតុ និងទីផ្សារកាបូនប្រកបដោយតម្លាភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាមានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ទៅលើការផលិតថាមពលពីប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការសិក្សាមួយចំនួនគួរត្រូវបានលើកទឹកចិត្ត ដូចជា ការសិក្សាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការអភិរក្សព្រៃ គឺជាជំរើសមួយដ៏ប្រសើក្នុងការបង្កើតឥណទានកាបូន និងអាចបង្កើនជីវភាពសហគមន៏តាមរយៈចំណូលពីទានកាបូន។

វិស័យឯកជនមានការយល់ដឹងច្រើនអំពីបញ្ហាបរិស្ថាន ដោយចាប់ផ្តើមវិនិយោគលើការផលិតអគ្គីសនីពីជីវម៉ាស និងបង្កើតឥណទានកាបូន។ ជាងនេះទៅទៀត កម្ពុជាមានផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំឡើង ព្រមទាំងតម្រូវការថវិកាក្នុងការអនុវត្តសកម្មភាពបន្ស៊ាំ ។ កម្ពុជាគាំទ្រការផ្តល់ហិញ្ញប្បទានអាកាសធាតុ ហើយការផ្តល់ ហិញ្ញប្បទានគួរផ្តោតទៅលើការបង្កើនជីវភាពប្រជាជននៅតាមសហគមន៍ ថ្នាក់ក្រោមជាតិ៕

Related Posts