នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះគឺជាការបោះជំហ៊ានទៅមុខរបស់កម្ពុជា លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។

តែទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូប អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីសំណាក់ក្រុមពេទ្យរបស់កងយោធពលខេមរភូមិន្ទនេះ បានចាប់ផ្តើម បើកយុទ្ធនាការចាក់ចាប់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងខណ្ឌចំនួន ៦ របស់រាជធានីភ្នំពេញ ដែលរួមមាន ៖ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍ សែនជ័យ ខណ្ឌឫស្សីកែវ ខណទួលគោក និង ខណ្ឌសែនសុខ៕