ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាយើងមិនហ៊ាននិយាយថា សូន្យកូវី ឬសេរ៉ូកូវីដ ក៏ប៉ុន្តែយើងត្រូវរួមគ្នាខិតខំធ្វើឱ្យអត្រាឆ្លង និងស្លាប់ធ្លាក់ចុះបន្តទៀត ហើយការសម្របខ្លួនរស់នៅជាមួយកូវីដ១៩ គឺជាដំណើរចៀសវាងមិនបានព្រោះយើងមិនអាចដឹងបានថាកូវីដ១៩ ត្រូវចប់នៅពេលណា។

ក្នុងសារជាសំឡេងជូនជនរួមជាតិ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ហើយដែលប្រជាពលរដ្ឋបានដើរកម្សាន្តជាច្រើនកន្លែង យើងបានសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ពុំមានការកើនឡើងនោះទេ។ផ្ទុយទៅវិញចំនួនឆ្លងមានការថយចុះ ឯចំនួនអ្នកស្លាប់ឃើញមានចំនួនថេរ ហើយក៏មាននិន្នាការថយចុះផងដែរ។ សម្ដេចតេជោបានថ្លែងថា ចំណុចទាំងនេះគឺជាចំណុចសាកល្បងដ៏ធំ ដូចដែលខ្ញុំបានជម្រាបជូនចំពោះបងប្អូនជនរួមជាតិ អំពីការសាកល្បងរបស់យើងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា «ទោះបីជាជំងឺឆ្លងបានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ក៏ប៉ុន្តែហានិភ័យក៏នៅតែមានខ្ពស់នៅឡើយ។ ដូច្នេះការសម្របខ្លួនរស់នៅជាមួយកូវីដ១៩ គឺជាដំណើរចៀសវាងមិនបាន ព្រោះយើងមិនអាចដឹងបានថាកូវីដ១៩ ត្រូវចប់នៅពេលណា»។ សម្ដេចតេជោលើកឡើងថា ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមកដល់ពេលនេះប្រជាជនជាង១៣លាន៦សែននាក់ ត្រូវបានចាក់វ៉ាក់សាំង ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង៨៥ភាគរយនៃចំនួនប្រជាជន។

ចំនួននេះ ធ្វើឱ្យអ្នកឆ្លងរបស់យើងមួយចំនួន មិនបាននាំទៅរកភាពធ្ងន់ធ្ងរនោះទេ ហើយអ្នកដែលបានទទួលមរណភាពដោយសារកូវីដ ភាគច្រើនយើងបានសង្កេតឃើញថា ជាអ្នកដែលមានជំងឺធ្ងន់កាលពីពេលមុន ហើយដែលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ។ សម្តេចតេជោបានបន្តថា ស្ថានភាពទាំងអស់នេះ គឺយើងអាចនិយាយបានថាវ៉ាក់សាំង គឺជាគ្រឹះការពារដ៏រឹងមាំសម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើង កាត់បន្ថយការឆ្លង ហើយប្រសិនបើមានការឆ្លងហើយក៏មិននាំទៅដល់គ្រោះថ្នាក់។

ឥឡូវនេះ បន្ទាប់ពីការចាក់ដូសទី២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី៣ទៅតាមទីកន្លែងដែលបានចាក់មុន និងចាក់ក្រោយ ហើយកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទី៣ ក្នុងរង្វង់ពី៤ ទៅ៩ខែ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្តថា “វាជាគុណបុណ្យរបស់យើង ដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង តាមរយៈជំនួយពីប្រទេសជាមិត្ត ពិសេសគឺសាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងខូវ៉ាក់។ យើងក៏បានទិញដោយខ្លួនឯងនៅចំនួនច្រើន ដែលរហូតមកដល់ពេលនេះ យើងទទួលវ៉ាក់សាំបានចំនួន ៣៨លានដូស ដើម្បីការចាក់ជូនប្រជាពលរដ្ឋរបស់យើង”។

សម្ដេចតេជោលើកឡើងទៀតថា នៅសេសសល់ប្រជាជនមួយចំនួនទៀត ដែលយើងបានសង្កេតឃើញថា អត្រាស្លាប់កាលពីម្សិលមិញនេះមានចំនួន១២នាក់ ដែលក្នុងនោះមាន៨នាក់រួចស្រេចទៅហើយ ដែលមិនបានចាក់វ៉ាក់សាំង។ សម្តេចតេជោបានកត់សម្គាល់ឃើញថា ជាទូទៅចំនួនអ្នកដែលបានទទួលមរណភាពដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា ដែលសម្ដេចបានស្នើសម្រាប់ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជា ប្រជាពលរដ្ឋ គឺខិតខំដើម្បីទទួលបាននូវវ៉ាក់សាំង ហើយបើទោះបីបិទបញ្ចប់នូវការចាក់វ៉ាក់សាំងនៅតាមខេត្តមួយចំនួនរួចទៅហើយក៏ដោយ ក៏ប៉ុន្តែយើងទុកវ៉ាក់សាំងសម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្ថែមថា “យើងអាចមានកម្មវិធីដើម្បីទៅចាក់វ៉ាក់សាំងជូនទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ តាមផ្ទះតែម្ដង ក្នុងករណីដែលប្រជាពលរដ្ឋរបស់យើងមិនអាចធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន។ នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យយកចិត្តទុកដាក់សម្រាប់ការអនុវត្តនៅឯមូលដ្ឋាន”។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា យើងទាំងអស់គ្នា នឹងជម្នះបាននៅសភាពការណ៍នេះ ដែលឃើញអត្រាឆ្លងធ្លាក់ចុះ អត្រាស្លាប់ក៏ធ្លាក់ចុះ យើងត្រូវធ្វើឱ្យការធ្លាក់ចុះនេះបន្តទៅទៀត ទោះបីជាយើងមិនហ៊ាននិយាយថា សូន្យកូវីដ ឬសេរ៉ូកូវីដក៏ដោយចុះ ក៏ប៉ុន្តែចំនួនឆ្លង និងចំនួនស្លាប់គឺត្រូវតែមានការធ្លាក់ចុះ ដើម្បីយើងឈានទៅបើកប្រទេសឡើងវិញ ហើយរស់នៅជាមួយនឹងកូវីដក្នុងដំណើរតាមគន្លថ្មី ជាមួយនឹង៣ការពារ និង៣កុំ ដែលចៀសវាងឱ្យខាងតែបាននូវការរើសអើងជាមួយនិងអ្នកជំងឺកូវីដ។ ផ្ទុយទៅវិញត្រូវរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ ដើម្បីឆ្ពោះទៅរកការបើកសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ៕