អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំណុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឲ្យឃុំមួយ ចំនួន តាមបណ្ដាស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពាន មួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ ស្រុក/ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវ ត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យខិតខំបង្កបង្កើនផល ពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំ បន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕

Related Posts