អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ត្រូវបានសភាបោះឆ្នោតគាំទ្រជាសមាជិកថ្មីនៃរាជរដ្ឋាភិបាលឋានៈជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលការបោះឆ្នោតបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ អភិបាលរងខេត្តបាត់ដំបង អភិបាលរងខេត្តកំពង់ធំ អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធារណរដ្ឋកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងលោក ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

Related Posts