សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

នៅរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ជាមួយនឹងមេដឹកនាំអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន៖

១) សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត

២) សេចក្តីប្រកាសមេដឹកនាំអាស៊ីបូព៌ាស្តីពីការស្តារបៃតងឡើងវិញប្រកបដោយចេរភាព

៣) សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ចតាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ។

ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើប្រធានបទជាច្រើន។ ប៉ុន្តែមុនកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ានេះ បានស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយកនៃអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អំពីស្ថានភាពសុខាភិបាល និងពាណិជ្ជកម្ម បន្ទាប់ពីការរងវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ១៨ខែកន្លងមកនេះ។

ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់អាស៊ាន នៅក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ីបូព៌ា និងឆន្ទៈរបស់អាស៊ាន ធ្វើយ៉ាងណាឱ្យយន្តការដៃគូសន្ទនាអាស៊ីបូព៌ានេះ បន្តដើរតួនាទីសំខាន់នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានគូសបញ្ជាក់ពីសារសំខាន់នៃទស្សនទានរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា ក៏បានពិភាក្សាផ្តោតសំខាន់ជាច្រើនទៅលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយបញ្ហាជំងឺកូវីដ១៩។ ជាពិសេសការប្រយុទ្ធប្រឆាំង និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

ជាពិសេសខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យដទៃទៀត ដូចជាវិស័យទេសចរណ៍អាចវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដែលមានលក្ខណៈគាំទ្រដល់បរិស្ថាន, ជំរុញលើកិច្ចសហប្រតិបត្តិការអប់រំជាដើម។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានឯកភាពអភិវឌ្ឍលើផែនការបន្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

លើសពីនេះក៏មានការផ្លាស់ប្តូរមតិ និងយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា។ ជាពិសេសប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា គាំទ្រតួនាទីអាស៊ាន ក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តាមយន្តការដែលបានដាក់ចេញនាពេលកន្លងទៅ។

ជារួមបណ្ដាប្រទេសទាំងអស់គាំទ្រ ធ្វើយ៉ាងណាឱ្យ គាំទ្រនូវ ដែលហៅថាពហុភាគីនិយមដែលជាកត្តាសំខាន់នៅក្នុងក្នុងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ ទាំងការស្ដារឡើងវិញជាពិសេស រួមទាំងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ។

នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកអំពី ការធ្វើយ៉ាងណាគាំទ្រទៅដល់ការប្រឈមនៃបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅពេលប្រជុំខាងមុខ នៅចក្រភពអង់គ្លេស។

ជារួម ជាលទ្ធផល ប្រទេសមហាអំណាចប្រទេសសំខាន់ៗ នៅក្នុងក្របខណ្ឌអាស៊ីបូព៌ានេះគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាពសន្តិសុខក្នុងតំបន់ គាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ហើយមិនត្រឹមប៉ុណ្ណោះទេ គឺផ្ដល់នូវការគាំទ្រនិងជំនួយ ដល់អាស៊ានជាពិសេសនៅក្នុងការងារបន្តទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នេះ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយពីកូវីដ១៩នេះ ជាពិសេសទៀតក្នុងការ ជំរុញការងារ នៅក្នុងតំបន់នេះ ដែលបណ្ដាប្រទេសទាំងអស់មានការគាំទ្រ និងការផ្ដល់ទឹកចិត្តលើតួនាទីស្នូលរបស់អាស៊ានដោយផ្ដល់នូវកិច្ចសហការនិងភាពជាដៃគូដល់អាស៊ានទាំងស្រុង៕