កម្ពុជាទទួលបានជំនួយ ១លានដុល្លារអាមេរិកពីអង្គការ UNIDO សម្រាប់ជួយអភិវឌ្ឍន៍ផ្នែកកសិ-អាហារ និងវិស័យទេសចរណ៍នៅកម្ពុជា

កម្ពុជាទទួលបានជំនួយ ១លានដុល្លារអាមេរិកពីអង្គការ UNIDO សម្រាប់ជួយអភិវឌ្ឍន៍ផ្នែកកសិ-អាហារ និងវិស័យទេសចរណ៍នៅកម្ពុជា
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍

ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការ UNIDO បានផ្តល់ហិរញ្ញប្បទានចំនួន ១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងវិស័យកសិ-អាហារ និងវិស័យ ទេសចរណ៍នៅកម្ពុជា។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ មានប្រសាសន៍ថា គម្រោងនេះគាំទ្រដល់ការជំរុញ ការអនុវត្តន៍ នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ដែលក្រសួងទេសចរណ៍បានដាក់ចុះសម្រាប់មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន និងសហគមន៍ទេសចរណ៍ ដើម្បីជំរុញទទួលស្គាល់ឡាបែល និងត្រៀមសម្រាប់ការបើកទេសចរណ៍ឡើងវិញ។

ថវិកានេះ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារកម្ពុជា តាមរយៈការស្តារសហគ្រាសនៃវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩ និងការបង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-អាហារ និង ទេសចរណ៍ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

ជាមួយគ្នានេះ ក៏ជំរុញការបណ្តុះបណ្តាល សម្រាប់ស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ដល់បុគ្គលិកដែលបានឈប់សម្រាក និងបាត់បង់ការងារបណ្តាលមក ពីវិបត្តិជំងឺកូវីដ-១៩ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ និងរៀបចំបន្ទប់ សម្រាប់មូលដ្ឋានអាជីវកម្ម នៅក្នុងក្រុងបាត់ដំបង និងតាមសហគមន៍ទេសចរណ៍សំខាន់ៗ ក៏ដូចជាគាំទ្របច្ចេកទេស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់សហគមន៍ទេសចរណ៍ ព្រមទាំងពង្រីកទីផ្សារ ការទំនាក់ទំនង និងការផ្សព្វផ្សាយលក់ផលិតផលដែលបានមកពីការកែច្នៃ របស់ សហគមន៍ទេសចរណ៍ និងការជំរុញរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ស្របតាមផែនការ និង យុទ្ធសាស្ត្រ របស់ក្រសួងទេសចរណ៍ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩៕