អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលបានចំណូលពន្ធជាង ៧លានដុល្លារអាមេរិកពីរថយន្តគ្មានពន្ធ

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២គ្រឿង បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយប្រមូលចំណូលពន្ធបានជាង ៧លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត គុណ ញឹម

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទីទី២៧ ខែតុលានេះថា បើគិតពីកាលបរិច្ឆេទនៃការចាប់ផ្តើមប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗ រហូតមកដល់ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២ គ្រឿង ដោយក្នុងនោះរថយន្តចង្កូតស្តាំ១៩០គ្រឿង បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។

ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់រថយន្ត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានបន្ធូរបន្ថយតម្លៃគិតពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជាពិសេសប្រភេទមានឆ្នាំម៉ូដែលចាស់ៗ បន្ថែមលើការអនុគ្រោះទឹកប្រាក់ពន្ធ និងអាករចំនួន ១០% ដែលសម្រេចរួចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយការអនុគ្រោះនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង។
ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តនៅតែអាចបង់ពន្ធអាករបាន ប៉ុន្តែត្រូវបង់ពន្ធនិងអាករពេញ ដោយគ្មានការបន្ធូរបន្ថយទៀតឡើយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់រថយន្តចង្កូតស្តាំ ការអនុគ្រោះនឹងត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារម្ចាស់ត្រូវការពេលវេលាយូរក្នុងការកែចង្កូត ហើយសម្រាប់ការកែចង្កូតកំពុងតែជាការព្រួយបារម្ភសម្រាប់ម្ចាស់រថយន្តចង្កូតស្តាំ ដោយសារតែយានដ្ឋានកែចង្កូតដែលទទួលស្គាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូនមានចំនួនតិចតួច (២ឬ៣កន្លែង)។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពផ្តល់អជ្ញាបណ្ណបន្ថែមទៀតដល់យានដ្ឋានដែលមានជំនាញ និងសមត្ថភាពកែចង្កូត ដើម្បីបម្រើសេចក្តីត្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស៕

Related Posts