ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិជនពិការ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការរៀបចំបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា វគ្គបណ្ដុះបណ្ដាលស្ពីពី «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាជនពិការនៃខេត្តគោលដៅទាំង៥នេះ ក្រៅពីបង្កើនចំណេះដឹងបន្ថែមដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏មានគោលបំណងដើម្បីឱ្យអ្នកចូលរួមមានលទ្ឋភាពពិនិត្យភាពគ្រប់ជ្រុងជ្រោយផែនការរបស់ខ្លួន បង្កើតបាននូវផែនការកិច្ចសហការជាក់លាក់សម្រាប់ស្នើសុំថវិកាពីរដ្ឋបាលខេត្តក្រុង និងអនុវត្តផែនការនោះ ដោយមានការត្រួតពិនិត្យនិងវាយតម្លៃ ដ៏មានប្រសិទ្ឋិភាព។

លោកបានថ្លែងថា៖ «ជាការពិតណាស់ សមិទ្ធផលនៃវិស័យពិការភាពដ៏គួរឱ្យកោតសរសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចទៅបានគឺដោយសារកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការលើកកម្ពស់ស្ថានភាពនិងគុណជីវិតរបស់ជនមានពិការភាពឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្ដីក៏វិស័យពិការភាពនៅតែដំណើរការទៅមុខបានយ៉ាងល្អ» ។

លោកស្រី Ann Rouve-Kiev ប្រធានកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីផ្ដល់សេវាប្រកបដោយនិរន្តរភាពនិងសម ហៅកាត់ថា (ACCESS) សង្ឃឹមថាការបណ្ដុះបណ្ដាលនាថ្ងៃនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍនផែនការយុទ្ធសាស្ត្រជាតិនានាក៏ដូចជាផែនការយុទ្ធសាស្ត្រជនមានពិការភាពដំណាក់កាលទី២ផងដែរ។

វគ្គសិក្សានាថ្ងៃនេះផ្ដោតលើប្រធានបទធំៗចំនួន៤គឺ ការយល់ដឹងពីផែនការ ការរំលឹកពីតួនាទីនិងភារកិច្ច ការគិតគូរអំពីធនធាន ការត្រួតពិនិត្យ វាយតម្លៃ និងមេរៀន។

ក្រៅពីសិក្សាលើប្រធានបទទាំងនេះ វគ្គបណ្ដុះបណ្ដាលនេះក៏មានវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលតាមយៈការនិទានរឿង ការបង្ហាញបទពិសោធន៍ជាក់ស្ដែង ការពិភាក្សាពីផែនការជាដៃគូជាមួយមន្ទីរជំនាញ ការធ្វើតេស្ត ហើយចុងបញ្ចប់នៃវគ្គនឹងមានការរៀបចំផែនការជាក់លាក់សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះនឹងចំណាយពេល៤ម៉ោងនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ៕

Related Posts