ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីនាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច​។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព នៃសមុទ្រពិភពលោក។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជាក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រី លើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។ ប្រទេសដែលនឹងចូលរួមក្នុងវេទិកានេះមានជាង១០ ប្រទេសមកពីខាងក្រៅដូចជា៖ ប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត ។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ នៃពហុជាតិ សាសន៍ ៕