កម្ពុជា-រុស្ស៊ី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំនួន ៩ចំណុច ក្នុងក្របខណ្ឌទេសចរវ៉ាក់សាំង

កម្ពុជា-រុស្ស៊ី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំនួន ៩ចំណុច ក្នុងក្របខណ្ឌទេសចរវ៉ាក់សាំង

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ​​​​ទេសចរណ៍​​​​​នៃប្រទេសទាំងពីរ។

ជំនួបនេះ សំដៅរៀបចំឱ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

ភាគីទាំងពីរក៏បានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចររុស្ស៊ីក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជាដូចជា៖

ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។

ទី២៖ អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ចជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។

ទី៣៖ រៀបចំឲ្យមានសិក្ខាសាលាធុរៈកិច្ចទេសចរណ៍វាងប្រទេសទាំងពីរ។

ទី៤៖ រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។

ទី៥៖ ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។

ទី៦៖ ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ីលើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។

ទី៧៖ ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។

ទី៨៖ គាំទ្រការររៀបចំកីឡាស៊ីហ្គ៊ាម ២០២៣ (SEA GAMES 2023) នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។

ទី៩៖ គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីតំបន់ឆ្នេរ៕