ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ចំណាយថវិកា ៥៦លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែវិច្ឆិកា

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីចំណាយពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមដឹកនាំក្រុមការងារគណៈកម្មការ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី៕