លោក ឯម ច័ន្ទមករា ជំរុញដល់ស្ថាប័នរដ្ឋនិងឯកជនរួមគ្នាលុបបំបាត់របាំងដែលបង្កការលំបាកដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថាកន្លងមកជនមានពិការភាពតែជួបប្រទះនូវឧបសគ្គជាច្រើនជាពិសេសគឺកត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនបានបង្កលក្ខណៈងាយស្រួល មិនមានផាសុកវត្ថុ ដែលជនពិការមិនអាចចេញចូល ចុះឡើង និងប្រើប្រាស់បាននៅតាមទីសាធារណៈផ្សេងៗជាពិសេសអាគារឬទីតាំងដែលប្រជាពលរដ្ឋឧស្សាហ៍ទៅទទួលយកសេវាសាធារណៈ ដោយជំរុញដល់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់គិតគូរឡើងវិញដើម្បីលុបបំបាត់របាំងដែលរារាំងដល់ជនមានពិការភាពទាំងនេះ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី«បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក ឯម ច័ន្ទមករា បានស្នើដល់ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ ក្រសួងសាធារណៈការ គណស្ថាបត្យករនិងគណៈវិស្វករ សមាគមរោងចក្រកាត់ដេរទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់និងសាងសង់ថ្មីឱ្យមានលក្ខខន្តអំណោយផលដល់ជនមានពិការភាព ដោយគិតគូរពីជម្រាលសម្រាប់ជនពិការ ជណ្ដើរយន្ត បន្ទប់ទឹក កន្លែងរង់ចាំ ចំណតនិងផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់ និងការសម្របសម្រួលឱ្យជនមានពិការភាពប្រឡងនិងទទួលបណ្ណបើកបរដូចពលរដ្ឋទូទៅ។

លោកប្រកាសស្វាគមន៍ជានិច្ចនៅពេលមានការស្នើសុំបើកវគ្គបណ្ដុះបណ្ដាលឬកសាងសមត្ថភាពដល់រោងចក្រកាត់ដេរ រោងចក្រស្បែកជើង ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្តុអំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងស្ថាប័នទាំងនេះ។

លោកថា៖ «បច្ចុប្បន្នតាមការសង្កេតឃើញចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬឯកជនដែលកំពុងកសាងថ្មីមានការរៀបចំផាសុកវត្ថុច្រើនបើទោះបីមិនទាន់ត្រឹមត្រូវតាមខ្នាតស្តង់ដា តែយ៉ាងហោចណាស់គឺបានបង្កលក្ខណៈងាយស្រួលបានមួយកម្រិតសម្រាប់ជនមានពិការភាព ឬ មនុស្សចាស់ ស្រ្តី កុមារដែលប្រើប្រាស់រទេះរុញ។ ប៉ុន្តែអ្វីដែលនៅតែជាក្តីបារម្ភគឺសំណង់អគារហេដ្ឋារចនាសម្ព័ន្ធចាស់ៗដែលសាងសង់មិនបានគិតគូដល់ជនមានពិការភាព ទាំងបរិវេណទីតាំងខាងក្រៅក៏ដូចជាបរិក្ខាដែលបំពាក់នៅខាងក្នុងបន្ទប់ នៃអគារគ្រប់ប្រភេទដែលនាំឱ្យនៅតែជាឧបសគ្គក្នុងការចេញចូល ចុះឡើង និងប្រើប្រាស់ដូចជាគ្មានឬមានជម្រាលចោតពេក គ្មានឬមានចំណតសមស្រប ទ្វារពិបាកបិទបើក គ្មានឬមានជណ្តើរយោងទំហំមិនសមស្របដើម្បីឡើងទៅជាន់ខាងលើនៃអគារខ្ពស់ៗ ទ្វារចេញចូលតូចចង្អៀតចេញចូលរទេះរុញមិនបាន។ល។»

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានដាក់ឱ្យប្រើប្រាស់ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» ដែលណែនាំពីការសាងសង់ផ្លូវនិងច្រកចេញចូល ការរៀបចំណតយានយន្ត ការណែនាំពីប្រភេទអាគារនិងច្រកចេញចូលអាគារ ការបំពាកបរិក្ខាគាំទ្រក្នុងអគារ និងបរិក្ខាអនាម័យ ដែលសំដៅធ្វើយ៉ាងណាឱ្យមានការផ្សាភ្ជាប់រវាងវិស័យសំណង់និងវិស័យពិការភាព។គួរបញ្ជាក់ផងដែរថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់៕

Related Posts