សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេចតេជោ៖ សមិទ្ធផលនានាដែលបានកើតឡើងនៅខេត្តព្រះសីហនុ គឺបានមកពីបាតដៃកូនខ្មែរទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សមិទ្ធផលនានាដែលបានកើតចេញ នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃនេះ ខេត្តព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងធំ ដែលអគារកម្ពស់រាប់សិបជាន់ជាច្រើននៅក្នុងទីក្រុងមួយនេះ វាស័ក្តិសម ជាទីក្រុងទំនើបដែលមានសោភ័ណ ភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។

សម្តេចបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធនេះទៀតសោត វាមិនត្រឹមតែតម្រូវការទៅលើផ្លូវតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានរៀបចំប្រព័ន្ធផ្សេងៗ ទៀតដែរ ដូចឯកឧត្តម ជា សុផារ៉ា បានលើកឡើងទាក់ទងជាមួយនឹងការអភិវឌ្ឍន៍ មានដូចជាលូដើម្បីបញ្ចេញទឹក បង្ហូរទឹកនៅតាមផ្លូវថ្នល់ នានាទាំងអស់ ហើយវាបានភ្ជាប់ចូលទៅតំបន់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងចូលទៅក្នុងសមុទ្រ។ សម្តេចតេជោក៏បានថ្លែងកោត សរសើរ ចំពោះឯកឧត្តម ជា សុផារ៉ា និងសហការីរបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងកសាងនៅទីនេះបានយ៉ាងល្អ។ ព្រោះការកសាងនៅទីនេះគឺទាមទារឱ្យមានការត្រួតពិនិត្យហ្មត់ចត់។ ព្រោះនៅទីនេះគឺជាស្នាដៃកូនខ្មែរទាំងស្រុង ដែលគ្មានលាយឡំ ជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណានោះទេ។

« យើងធ្វើខ្លួនឯងទាំងអស់ ដូចជា វិមានសន្តិភាព អគាររដ្ឋសភា និងអគារដទៃៗទៀត នៅបណ្ដាស្ថាប័ន។ ដោយយើងមិនប្រើ អ្នកបច្ចេកទេសបរទេសនោះទេ សូម្បីតែវិមានសន្តិភាពមានមនុស្សច្រើនណាស់ដែលគិតថា ដែលបានសួរមកខ្ញុំថា តើប្រទេសណា គឺជា អ្នកជួយគូរប្លង់និងជួយធ្វើ។ ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ដូនតារបស់ខ្ញុំបានធ្វើអង្គរវត្តបាន រឿងអីខ្ញុំធ្វើប៉ុណ្ណឹងមិនបាន។ នេះគឺជាមោទនភាពជាតិខ្មែរ ហើយការវិនិយោគនៅទីនេះ ធ្វើនៅទីនេះ គឺបាតដៃកូនខ្មែរទាំងអស់ មានចំណែកតូចមួយ គឺក្រុមហ៊ុនវ៉ាងស៊ី ជួយចេញលុយតភ្ជាប់ពីព្រលានយន្តហោះមកតែប៉ុណ្ណោះ ប៉ុន្តែបច្ចេកទេសគឺមិនមានវ៉ាងស៊ីចូលរួមនោះទេ យើងធ្វើទាំងអស់។ ដូចនេះខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំ ដែលដឹកនាំការធ្វើការដ្ឋាននេះ ថ្លែងនូវការកោតសរសើរចំពោះគណៈអភិបាលខេត្ត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ដែលបានផ្ដល់នូវកិច្ចសហការដ៏ល្អ សម្រាប់ជោគជ័យនៃគម្រោង។ ហើយជោគជ័យនោះ អ្នកដែលទទួលផលពិតប្រាកដ គឺប្រជាជននៅក្នុងទីក្រុងព្រះសីហនុនេះតែម្ដង»៕