DMC រៀបចំពិព័រណ៍រូបថត ២០២១ តាមរយៈប្រព័ន្ធឌីជីថល

DMC រៀបចំពិព័រណ៍រូបថត ២០២១ តាមរយៈប្រព័ន្ធឌីជីថល

ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​ប្រកាស​អំពីការត្រឡប់មកវិញនូវពិព័រណ៍រូបថត DMC ​ ២០២១ ដែលរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៩។

ពិព័រណ៍​រូបថត​នេះ ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ តាម​រយៈ​គេហ​ទំព័រ ​(www.dmcphotofest.com) ទំព័រហ្វេសប៊ុក DMC Photo Festival ​​ (https://www.facebook.com/DmcPhotoFestival) និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍ (https://www.facebook.com/DMC.CCI)។

លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនមុខវិជ្ជាការថតរូបបែបសារព័ត៌មានក្នុង​ដេប៉ាតឺម៉ង់ប្រព័ន្ធ​ផ្សព្វផ្សាយ​និងសារគមនាគមន៍បានឱ្យដឹងថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយនិស្សិតឆ្នាំទី ២ ជំនាន់ទី ១៩ ដើម្បីបង្ហាញស្នាដៃផលិតរូបថត ក្រោយពីពួកគេបានសិក្សាអំពីបច្ចេកទេស​ថតរូបអស់រយៈ​ពេល​មួយ​ឆមាសរួចមក។

លោកបានបន្ថែមថា ការអនុវត្តគឺមានសារៈសំខាន់ណាស់សម្រាប់មុខ​វិជ្ជានេះ ដូច្នេះហើយ ពួកយើង​បាន​បង្កើត​ឱ្យ​មានពិព័រណ៍រូបថត DMC នេះឡើងដើម្បីឱ្យនិស្សិតមានឱកាសអនុវត្ត និងបញ្ចេញសមត្ថភាពរបស់ពួកគេ ទោះ​បី​ជាស្នាដៃរបស់និស្សិតមិនសូវល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏នេះអាចចាត់ទុកថាជាចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​របស់ពួកគេក្នុងការបង្ហាញស្នាដៃផលិត​កម្រងរូបថត​ជាលក្ខណៈ​ស៊េរីទៅតាមប្រធានបទដែល​ពួកគេ​បាន​​ជ្រើសរើស ដែលប្រធានបទទាំងនោះឆ្លុះបញ្ចាំងអំពីតថភាពសង្គមដ៏គួរឱ្យចាប់អារម្មណ៍។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍បានបញ្ជាក់ថា នេះជាលើកទី ៣ ហើយដែលដេប៉ាតឺម៉ង់បាន​រៀបចំឲ្យមានពិព័រណ៍​រូបថត​នេះ​ឡើង​ ដោយ​លើក​ទី១ ប្រព្រឹត្តនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៩ រីឯលើកទី២ និងទី៣នេះ ​តាមរយៈប្រព័ន្ធឌីជីថល ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបន្តថា «ពិព័រណ៍រូបថតនេះ គឺជាការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងរបស់និស្សិត ហើយ​វា​ក៏រួមចំណែកក្នុងការបញ្ជូនសារទៅកាន់មហាជនតាមរយៈរូបថតទាំងអស់ដើម្បីឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានក្នុងសង្គមផងដែរ។»

កញ្ញា សៀន សុលឿក និស្សិត DMC ឆ្នាំទី២ និងជាផលិតករមួយរូបបាននិយាយថា «ទោះបីជា​ពួក​យើងសិក្សាតាមប្រព័ន្ធអនឡាញហើយជួបផលវិបាកច្រើនក៏ដោយ ក៏ពួកយើងនៅតែមានគោលមាន​បំណងផលិតរូបថតនិងរៀបចំពិព័រណ៍នេះឡើងដើម្បីបង្ហាញទៅដល់សាធារណៈជន និងទុកជា​ស្នាដៃ​ប្រចាំ​ជំនាន់របស់ពួកយើង»។ កញ្ញាជឿជាក់ថា ពិព័រណ៍រូបថតលើកទី ៣ នេះនឹងទទួលបានការ​ចាប់អារម្មណ៍​ច្រើនពីសំណាក់​សាធារណ​ជន​។

លោក អ៊ុក ប៊ុនឡេង ដែលជាសមាជិកស្នូលក្នុងការរៀបចំពិព័រណ៍នេះ បានឲ្យដឹងថា រូបថតចំនួន ១៥៩ សន្លឹក ក្រោម​ប្រធានបទចំនួន ៨ ផ្សេងៗគ្នានឹងត្រូវដាក់តាំងបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ពិព័រណ៍រូបថត DMC។ លោកបានបន្ថែមថា «ក្នុងរយៈពេលបីថ្ងៃនោះដែរ ពួកយើងនឹងមានបង្ហាញកិច្ចសម្ភាសន៍ជាមួយនឹង​ផលិករ​មកពីក្រុម​នីមួយៗ ដើម្បីឱ្យ​សាធារណជន​បានយល់​ដឹង​បន្ថែមអំពីស្នាដៃពួកគេ នៅលើទំព័រហ្វេសប៊ុករបស់ពិព័រណ៍រូបថត DMC ផងដែរ។ ក្រៅពីនេះ យើងនឹងមានផ្សាយនូវការពិភាក្សាគ្នារវាងលោកគ្រូ Miller និងអ្នកជំនាញផ្នែកច្បាប់អំពី ការថត និងសិទ្ធផ្នែករូបភាព នៅលើទំព័រហ្វេសបុករបស់យើងផងដែរ »។

គួរបញ្ជាក់ផងដែរថា ពិពរណ៍រូបថតលើកទីបីរបស់និស្សិតDMCឆ្នាំនេះ នឹងផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ៨ រួមមាន៖

១.​ មរតកចុងក្រោយ ដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញពីមរតកចម្លាក់ខ្មែរ ក៏ដូចជាសិល្បករដែលនៅពីក្រោយស្នាដៃនោះ។
២. សិល្បៈដាប់ស្បែក បង្ហាញពីមរតកចម្លាក់ស្បែកដ៏មានតម្លៃរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិព្រមទាំងដំណើរការផលិ៎តស្បែកតាំងពីដើមរហូតដល់ចប់។
៣. កេរខ្មែរដំណែលកក់ បង្ហាញពីការធ្វើកន្ទេលកក់ពីមួយជំហានទៅមួយជំហានរហូតសម្រេចបានកន្ទេលកក់មួយ។
៤. ត្នោតខ្មែរ ស្ករខ្មែរ បង្ហាញពីដំណើរការយ៉ាងលម្អិតនៃការផលិតស្ករត្នោត។
៥. ដំបូលប្រក់មេឃ​ បង្ហាញពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូវ័យចំណាស់ម្នាក់ដែលផ្ញើវាសនារបស់ខ្លួនលើយានកម្សត់នេះ ។
៦.​ សម្ដីអ្នកនៅលើអេក្រង់ខ្ញុំ បង្ហាញពីសកម្មភាពនានាដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងតាមអ៊ីនធឺណេត និងផលប៉ះពាល់នៃទង្វើនេះ។
៧. ក្រុមរបាំបុរសស្រលាញ់ភេទដូចគ្នា បង្ហាញពីទឹកចិត្តស្រលាញ់និងការថែរក្សាសិល្បៈបុរាណខ្មែរ ក្នុងនាមពួកគាត់ជាបុរសស្រលាញ់ភេទដូចគ្នា ដែលពួកគាត់បានឆ្លងកាត់ការលំបាកជាច្រើនក្នុងសង្គម។
៨.​ ទម្លាប់ថ្មីក្នុងបរិបទកូវីដ១៩ បង្ហាញពីការរស់នៅរបស់ប្រជាជនដែលអនុវត្តនូវវិធានការការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ក្រុមរៀបចំពិព័រណ៌រូបថតតាមរយៈហ្វេសប៊ុក DMC Photo Festival ឬទាក់ទង លោក អ៊ុក ប៊ុនឡេង តាមរយៈលេខទូរស័ព្ទ ០៧៧ ៤២៧ ៤២៨ និងកញ្ញា សៀន សុលឿក តាមរយៈលេខទូរស័ព្ទ ០៩៦ ៤២៤ ៦៦៩៣៕