លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» ជាទិវាជាតិ

សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ​​ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បីរំឭកគុណ ដល់ បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់ វង្សមកដល់សព្វថ្ងៃ ក៏ដូចជារំឭកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តន៍ក្នុងសម័យអង្គរ អាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើបរៀបចំព្រឹត្តិការណ៍បុណ្យ រំឭកគុណអង្គរ ដែលជានេះ គឺជាលើកទី១៕

Related Posts