ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ

ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស ខំមិនវែលនិងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុម ប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុម ប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សា ជាពិសេស មធ្យោបាយដើម្បីពន្លឿនការទទួលបាន វ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខសុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំងបញ្ហាលំហសមុទ្រផងដែរ។ជាទូទៅរដ្ឋមន្រ្តីការបរទេស អាស៊ានបានអំពាវនាវ ឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ស្របតាមទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួនបួនដែលមានចែងនៅក្នុងនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃស្មារតីអាស៊ានក្នុងនាមជាគ្រួសាររួបរួមគ្នាដែលមានសមាជិកចំនួន១០ប្រទេស ហើយដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ប្រធានអាស៊ានឆ្នាំ ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាង សហគមន៍អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធី ក្នុងការដោះ ស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អង្គប្រជុំអំពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមករា ដើម្បីត្រួស ត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របៀបវារៈ កំពូលរបស់កម្ពុជា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងទំនុកចិត្តផ្នែកនយោបាយ ក្នុងចំណោម ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួមគ្នាមួយ លើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការ ឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ សម្រាប់ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត។ អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អាស៊ាន និងក្រុមប្រទេសG7 រួមគ្នា បានបង្កើតនូវសន្ទុះល្អ លើគំនិតផ្តួចផ្តើមការតភ្ជាប់ជាច្រើន។

ឧទាហរណ៍មួយក្នុងចំណោមនោះគឺ ការបិទបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស គ្រប់ជ្រុងជ្រោយ អាស៊ាន-សហភាពអឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងទាំងឡាយដែល អាស៊ានកំពុងធ្វើការ ជាមួយដៃគូសន្ទនាមួយចំនួនមកពីក្រុមប្រទេស G7 គឺសុទ្ឋតែជាគម្រាងវិស័យ ដែលអាចធ្វើសំយោគបានជាមួយនឹងផែនការមេ ស្តីពីការ តភ្ជាប់អាស៊ាន (MPAC) ២០២៥។

សម្រាប់បញ្ហាសន្តិសុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា អាស៊ានជានិច្ចកាល គឺជាអង្គការតំបន់ដែលសម្លឹងមើលទៅខាងក្រៅ ហើយចាត់ទុកសណ្តាប់ធ្នាប់តំបន់ដែលយកអាស៊ានជាស្នូល ជាគោលគ្រឹះនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និង ពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ការប្រឈមមុខដាក់គ្នានោះទេ ស្របពេលជំរុញឱ្យមានតម្រូវការធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់ការជឿជាក់ និង ការទុកចិត្តគ្នា និងពួតដៃគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមផ្សេងៗ ដែលការធ្វើដូចនេះ គ្រប់រដ្ឋទាំងអស់ មិនថាជារដ្ឋតូច ឬ ធំ អាចរស់នៅជាមួយគ្នា ជាមួយការប្រកួតប្រជែងដើម្បីភាពល្អប្រសើរទាំងអស់គ្នា៕