(បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង ៥០គ្រួសារ ដែលបានសាងសង់ និងកំពុងរស់នៅមិនសមរម្យតាមដីចំណីផ្លូវរថភ្លើង ចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងចំណុចស្តង់៤២ ដើម្បីរកដំណោះស្រាយតាមបែបឈ្នះឈ្នះ ជូនពួកគាត់ឱ្យទទួលបានដីលំនៅដ្ឋានសមរម្យ និងស្របច្បាប់ នៅភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ រួមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមជាមួយលោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោក គាត់ ហ៊ុល បានបញ្ជាក់ថា ចំពោះទីតាំងដីចំណីផ្លូវសាធារណៈនេះ ប្រជាពលរដ្ឋនឹងរើលំនៅដ្ឋានចេញ ហើយអាជ្ញាធរក្រុងប៉ោយប៉ែតនឹងអភិវឌ្ឍន៍ប្រែក្លាយទៅជាសួនច្បារមរតកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់លំអក្រុងប៉ោយប៉ែត និងជាកន្លែងហាត់ប្រាណ លំហែកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ជាសាធារណៈផងដែរ៕