សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះទឹក ជុំវិញតំបន់អភិវឌ្ឍបឹងជង្រុក តេជោឈ្នះឈ្នះ

(បន្ទាយមានជ័យ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចប្រឡាយបង្ហូរទឹក ក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ និងតំបន់ជុំវិញមួយចំនួនទៀត ក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយលោក យ៉ាង គីមហ៊ុយ លោក ស្វាយ ជា និងក្រុមការងារ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះជំនន់ទឹកភ្លៀងទាំងនេះ ឲ្យហូរចូលទៅក្នុងប្រព័ន្ធប្រឡាយរំដោះទឹកដែលបានសិក្សា និងរៀបចំត្រៀមរួចជាស្រេច ដើម្បីបញ្ចៀសការជន់លិចក្នុងតំបន់អភិវឌ្ឍ បឹងជង្រុកតេជោឈ្នះឈ្នះ និងទីតាំងជុំវិញ ក៏ដូចជាការជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោកផ្ទាល់ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានធ្វើដំណើរចូលមកកាន់តំបន់បឹងជង្រុកនេះផ្ទាល់ កាលពីចុងខែតុលា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចាប់អារម្មណ៍ខ្ពស់ ចំពោះបញ្ហាទឹកជំនន់ជន់លិច ព្រោះកាលនោះក្រុមការងារត្រូវធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់ទឹកជំនន់ហូរកាត់ផ្លូវត្រឹមជង្កេះ កន្លែងខ្លះជ្រៅរហូតត្រឹមទ្រូង ត្រឹមក រហូតកន្លែងខ្លះ ក្រុមការងារត្រូវហែលឆ្លង ដើម្បីបានចូលមកស្វែងយល់ផ្ទាល់ និងដោះស្រាយវិវាទរ៉ាំរ៉ៃជូនបងប្អូននៅតំបន់បឹងជង្រុកនេះ។

ដោយការសិក្សាលំអិតអំពីភូមិសាស្ត្រ និងស្ថានភាពទឹកជំនន់ក្នុងតំបន់នេះ ទើបក្រុមការងារបានសម្រេចរៀបចំប្រព័ន្ធប្រឡាយ រំដោះទឹកដែលមានប្រសិទ្ធភាពខ្ពស់ និងមានសារៈសំខាន់ចាំបាច់បំផុតនៅជុំវិញតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះទំហំ៣០៤ហិកតានេះ ព្រោះប្រព័ន្ធប្រឡាយរំដោះទឹកនេះ មិនមែនត្រឹមតែប្រព័ន្ធប្រឡាយ រំដោះទឹកជំនន់មួយមុខនោះទេ គឺប្រព័ន្ធប្រឡាយរំដោះទឹកនេះ ក៏អាចក្លាយទៅជាកន្លែងរក្សាទឹក សម្រាប់តម្រូវការប្រព័ន្ធស្រោចស្រប់ និងជាប្រភពផ្តល់ផលនេសាទលក្ខណៈគ្រួសារប្រចាំថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕